ឥណ្ឌាបង្ហាញគម្រោងជំនួយអភិវឌ្ឍន៌ និងវិនិយោគជាច្រើននៅកម្ពុជា

0
6

ភ្នំពេញ៖ ក្នុងឱកាសចូលជួបសម្តែងការគួរសម ជាមួយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា  នាព្រឹកថ្ងៃទី២០ ខែមករាឆ្នាំ២០២០នេះ លោកស្រី ដេវីយ៉ានី ឧត្តាំ ខូប្រាហ្គាដ(Devyani Uttam Khobragade )ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋឥណ្ឌាប្រចំានៅព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ពីការរីកចម្រើន ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាប្រពៃណី ដែលមានតំាងពីយូរលង់ណាស់មកហើយរវាងប្រទេសទាំងពីរ និងគម្រោងជំនួយអភិវឌ្ឍន៍ និងវិនិយោគជាច្រើននៅកម្ពុជា។

លោកស្រី ដេវីយ៉ានី ឧត្តាំ បានលើកឡើងនូវគម្រោងអភិវឌ្ឍន៍មួយចំនួនដូចជាការជួសជុលអភិរក្សប្រាសាទព្រះវិហារ ការជំរុញលើកកម្ពស់ការប្រើប្រាស់ទឹកស្អាតនៅជនបទរួមទាំងអណ្តូងស្នប់ និងជួយដល់វិស័យសុខាភិបាល ការប្រយុទ្ធប្រឆាំងជំងឺគ្រុនចាញ់ គ្រុនឈាម ជាដើម។

ជាមួយគ្នានេះលោកជំទាវបានប្តេជ្ញាថានឹងខិតខំជំរុញ ដល់វិនិយោគិនឥណ្ឌាមកបណ្ដាក់ទុននៅកម្ពុជា ឱ្យកាន់តែច្រើន ព្រមទាំងជំរុញឱ្យមានការហោះហើរត្រង់រវាងប្រទេសទាំងពីរ។ លោកស្រីឯកអគ្គរដ្ឋទូតបានជម្រាបសម្តេចដែរថា ឥណ្ឌានឹងលើកកម្ពស់ការទំនាក់ទំនងរវាងប្រជាជននិងប្រជាជនតាមបែបឌីជីថល ហើយគាំទ្រហិរញ្ញប្រទានដល់ការកសាងផ្លូវល្បឿនលឿនក្នុងតំបន់អាស៊ាន។

លោកស្រីឯកអគ្គរដ្ឋទូតបានជម្រាបសម្តេចប្រធានរដ្ឋសភាដែលថា ចំពោះសំណើរបស់សម្តេចនាយករដ្ឋមន្រ្តី ដែលបានស្នើដល់ប្រទេសឥណ្ឌជួយផ្តល់ជំនួយមនុស្សធម៌វ៉ាក់សំាងការពារកូវីដ១៩ ដល់ប្រទេសកម្ពុជានោះ លោកជំទាវនឹងរាយការណ៍ជូនថ្នាក់ដឹកនាំឥណ្ឌាបានជ្រាបនិងសម្រេចនៅក្នុងកិច្ចការនេះ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានគាំទ្របេសកកម្មការទូតថ្មីរបស់លោកស្រីនៅកម្ពុជានឹងបន្តរួមចំណែកលើកកម្ពស់ទំនាក់ទំនងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសយើងទាំងពីរឱ្យកាន់តែល្អប្រសើរថែមទៀត និងបានរំលឹកថាឥណ្ឌាជាប្រទេសមួយក្នុងចំណោមប្រទេសមិនច្រើនទេ ដែលគាំទ្រដល់រដ្ឋាភិបាលកម្ពុជានៅក្រោយថ្ងៃជ័យជម្នះ៧មករា ឆ្នាំ១៩៧៩ ខណៈប្រទេសជាច្រើនពិសេសប្រទេសលោកខាងលិចបានហ៊ុមព័ទ្ធសេដ្ឋកិច្ចកម្ពុជា។

សម្តេចប្រធានរដ្ឋសភា បានសម្តែងការពេញចិត្ត ចំពោះវឌ្ឍនភាព នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសទំាងពីរ ដែលមានការរីកចម្រើនឥតឈប់ឈរ ទំាងវិស័យនយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម សង្គមកិច្ច វប្បធម៌ សុខាភិបាល និងការអភិវឌ្ឍធនធានមនុស្ស ដូចជាការបណ្តុះបណ្តាលដល់និស្សិត និងមន្រ្តីកម្ពុជា និងសូមជំរុញឱ្យបន្តជួយបណ្តុះបណ្តាលជំនាញផ្សេងៗបន្ថែមទៀត នាពេលអនាគត។

សម្តេចប្រធានរដ្ឋសភា បានគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលប្រទេសទាំងពីរ ដែលឈានទៅដល់ការចុះកិច្ចព្រមព្រៀង និងអនុស្សរណៈយោគយល់គ្នា ក្នុងកិច្ចសហប្រតិបត្តិការ លើវិស័យអាទិភាពជាច្រើន និងបានត្រៀមចុះហត្ថលេខាលើឯកសារសំខាន់ៗជាច្រើនទៀតនាពេលអនាគត។

លោកស្រី ដេវីយ៉ានី ឧត្តាំ ខូប្រាហ្គាដ បានស្នើសុំសម្តេចបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងសភាប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំថែមទៀត និងបានគោរពអញ្ជើញសម្តេចដឹកនាំគណប្រតិភូសភាកម្ពុជា ទៅបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌាក្រោយពេលជំងឺកូវីដ១៩ ធូរស្រាល។

សម្តេចបានទទួលយកសំណើនេះ និងបានលើកឡើងថា រដ្ឋសភាកម្ពុជាបានធ្វើកិច្ចសហប្រតិបត្តិការជាច្រើនជាមួយរដ្ឋសភាឥណ្ឌា នៅក្នុងក្របខណ្ឌក្រុមមិត្តភាពសភាទាំងពីរ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចការគាំទ្រគ្នាទៅវិញទៅមក នៅលើវេទិកាអន្តរសភានានា នៅក្នុងតំបន់និងសកលលោក មានជាអាទិ៍៖អន្តរសភាអាស៊ាន (AIPA) និងសហភាពអន្តរសភា (IPU) ជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here