រដ្ឋមន្ដ្រីមហាផ្ទៃ មានសិទ្ធិឲ្យដាក់ប្រឡងចូលធ្វើប៉ូលីស ប៉ុន្តែមិនមានសិទ្ធិឲ្យជាប់ ដោយស្វ័យប្រវត្តិឡើយ

0
7

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា នាពេលកន្លងមកមានអ្នក ខ្លះមិនដែលរៀនប៉ូលីសឡើយ ហើយមកសុំសម្ដេចធ្វើប៉ូលីស ដូច្នេះការសុំបែបនេះ ខុសពីគោលនយោបាយកំណែទម្រង់ របស់រាជរដ្ឋាភិបាលកម្ពុជា គឺតម្រូវឲ្យមានការប្រឡងបានត្រឹមត្រូវ។ នេះបើតាមក្រសួងមហាផ្ទៃ។

ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភីថ្នាក់ បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ របស់សាកល វិទ្យាល័យបាត់ដំបង នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ សម្ដេចក្រឡាហោម ស ខេង បានឲ្យដឹងថា នាពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការកំណែទម្រង់ប្រព័ន្ធអប់រំ ហើយប្រជាពលរដ្ឋចង់ធ្វើប៉ូលីស ត្រូវមានការប្រឡងឲ្យបានត្រឹមត្រូវ។

សម្ដេចក្រឡាហោម បន្ដថា នាពេលកន្លងមក មានការអន្តរាគមន៍ឲ្យប្រឡងជាប់ធ្វើប៉ូលីស ការធ្វើបែបនេះខុសពីកំណែទម្រង់ របស់រាជរដ្ឋាភិបាល។

សម្ដេចក្រឡាហោម មានប្រសាសន៍ថា «អ្នកខ្លះមិនដែលរៀនប៉ូលីស មកដល់សុំធ្វើប៉ូលីសធំទៀត ហើយធ្វើចឹងខុសពីនយោបាយ កំណែទម្រង់ទៅហើយ ចង់ធ្វើប៉ូលីសត្រូវចូលរួមប្រឡង»។

សម្ដេចក្រឡាហោម បន្ថែមថា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានសិទ្ធិឲ្យដាក់ប្រឡងតែប៉ុណ្ណោះ គ្មានសិទ្ធិឲ្យជាប់ដោយស្វ័យប្រវត្តិឡើយ។ សម្ដេចក្រឡាហោម បន្ដថា កាលណាចង់ធ្វើប៉ូលីស ត្រូវចូលរួមប្រឡងប៉ូលីស ហើយប្រឡងធ្លាក់ជាលទ្ធផលរបស់ខ្លួនឯង។

សម្ដេចក្រឡាហោម ស ខេង ក៏បានលើកឧទាហរណ៍ថា បើឲ្យធ្វើប៉ូលីសមិនចាំបាច់ប្រឡង ដល់ពេលធ្វើការងារមិនកើត ប្រជាពលរដ្ឋនឹងធ្វើការស្ដីបន្ទោស មករដ្ឋមន្ដ្រីក្រសួងមហាផ្ទៃហើយ ដូច្នេះ ត្រូវមានការប្រឡងឲ្យបានត្រឹមត្រូវបំផុត៕

LEAVE A REPLY

Please enter your comment!
Please enter your name here