ស្ពានតាអោង អាយុកាលជិត ៩០០ឆ្នាំ ត្រូវបានជួសជុលជាលើកដំបូង ដោយអ្នកជំនាញអាជ្ញាធរជាតិអប្សរា

0
7

ភ្នំពេញ៖ ស្ពានតាអោងឬតាអុង មានទីតាំងស្ថិតនៅក្នុងភូមិចុងស្ពាន ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប គឺ    ជាស្ពានបុរាណវែងជាងគេក្នុងចំណោម ស្ពានបុរាណចំនួន ២៣លើដងផ្លូវបុរាណពីអង្គរទៅបាកាណ (ព្រះខ័នកំពង់ស្វាយ)។ សព្វថ្ងៃស្ពានបុរាណនេះ មានសភាពទ្រុឌទ្រោមខ្លាំង ដែលបង្កឡើងពីកត្តាមនុស្សនិងធម្មជាតិ ធ្វើឱ្យផ្នែកជាច្រើនរបស់ស្ពានបុរាណ បានប្រេះញែកចេញពីគ្នា ហើយនៅផ្នែកកណ្តាលតួស្ពានសងខាង ថ្មមួយចំនួនបានរលុះធ្លាក់ និងផ្នែកផ្សេងទៀតកំពុងប្រឈមនឹងការរលុះធ្លាក់ដែរ។ នេះបើយោងតាមអជ្ញាធរជាតិអប្សរា។

តាមការបញ្ជាក់របស់លោក ពុទ្ធ សុទ្ធ មន្ត្រីនាយកដ្ឋានអភិរក្សប្រាសាទ ក្រៅឧទ្យានអង្គរ និងជាប្រធានគម្រោងជួសជុល ស្ពានតាអោងឱ្យដឹងថា អាជ្ញាធរជាតិអប្សរាផ្តើមគម្រោង ជួសជុលដំណាក់កាលទី១ នេះចំនួន២ចំណុចសំខាន់ៗ គឺនៅជញ្ជាំងស្ពានផ្នែកខាងជើង ដែលបានរលុះធ្លាក់ និងមានរហែកធំចេញក្រៅ ប្រឈមនឹងការ      រលុះធ្លាក់។ ក្រុមការងារនឹងធ្វើសម្រង់ប្លង់ ចុះបញ្ជីថ្ម ការជួសជុលថ្ម ការរៀបចំពង្រឹងជើងសសរថ្ម ដែលរលុះធ្លាក់ឡើងវិញ ការបង្ហាប់ដីកន្លែងច្រោះនៅគល់ស្ពានខាងលិច និងការរៀបចំបង្កាន់ដៃនាគដាក់ចូល តាមទីតាំងដើមឡើងវិញ។

ចំពោះប្រវត្តិនិងចំណុចសំខាន់ នៃស្ពានបុរាណមួយនេះ លោក ពុទ្ធ សុទ្ធ បានប្រាប់ថា ស្ពានតោអោងឬតាអុង មានបណ្តោយប្រវែង៧០ម៉ែត្រ ទទឹង១៣ម៉ែត្រ និងមានរន្ធត្រដេវចំនួន១៤។ រន្ធត្រដេវនីមួយៗមានទទឹងប្រវែង២ម៉ែត្រនិងកម្ពស់៦ម៉ែត្រ។ ស្ពាននេះធ្វើអំពីថ្មបាយក្រៀម លម្អដោយបង្កាន់ដៃនាគក្បាល៩ និងមានព្រះពុទ្ធសមាធិនៅ ចំកណ្តាលក្បាលនាគធ្វើអំពីថ្មភក់។ ចំពោះកាលបរិច្ឆេទនៃស្ពាននេះ គេពុំដឹងច្បាស់ថាវាចាប់ផ្តើមកសាងឡើងក្នុងរាជ្យណាទេ គឺគ្រាន់តែដឹងជាទូទៅថា ស្ពាននេះសាងឡើងនាសម័យអង្គរ។ ប៉ុន្តែបើមើលលើចម្លាក់បង្កាន់ដៃនាគ គេអាចដឹងថា វាស្ថិតក្នុងរចនាបថបាយ័ន្ត (ឆ្នាំ១១៨១-១២២០នៃគ្រិស្តសករាជ)។

សូមបញ្ជាក់ថា ស្ពានបុរាណដែលមានអាយុកាលជិត ៩០០ឆ្នាំនេះ បានប្រារព្ធពិធីប្រុងពលីសែនបួងសួង សុំសេចក្តីសុខចម្រើន និងជោគជ័យក្នុងការជួសជុល លើកដំបូងក្នុងប្រវត្តិសាស្ត្រ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ដែលមានលោក គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរានិងសហការី រួមនឹងលោកអភិបាលស្រុក មន្ត្រីសាលាស្រុក មេឃុំ មេភូមិ កងរាជអាវុធហត្ថ និងប្រជាជនដែលរស់នៅក្នុងភូមិ ជាច្រើននាក់បានចូលរួមឱ្យពរជ័យ។ គម្រោងជួសជុលស្ពានបុរាណនេះ បានប្រើថវិកាមូលនិធិរបស់អាជ្ញាធរជាតិអប្សរា ហើយនឹងបញ្ចប់គម្រោងនៅខែមិថុនា ឆ្នាំ២០២១៕

LEAVE A REPLY

Please enter your comment!
Please enter your name here