បើចែកលុយ ដីធ្លីឲ្យកូន ថ្ងៃណាមួយគង់នឹងចាយអស់ តែបើចែកចំណេះដឹង ដល់កូននោះជាទ្រព្យសម្បត្តិ ចាយមិនចេះអស់

0
7

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថា ប្រសិនបើឳពុកម្ដាយ ចែកជាលុយ ជាប្រាក់ ដីធ្លី គង់តែថ្ងៃណាមួយទ្រព្យទាំងនោះនឹងអស់ បើកូនមិនចេះថែរក្សា ប៉ុន្តែបើចែកឲ្យកូននូវចំណេះដឹង នោះគឺជាទ្រព្យសម្បត្តិមានតម្លៃ ចាយមិនចេះចប់ និងមិនចេះអស់នោះទេ ។ នេះបើយោងតាមក្រសួងមហាផ្ទៃ។

ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រ ជូនដល់និស្សិតជ័យលាភីថ្នាក់ បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៃសាកលវិទ្យាល័យជាតិបាត់ដំបង នាថ្ងៃទី២០ មករានេះ សម្តេច ស ខេង បានថ្លែងយ៉ាងដូច្នេះថា «ប្រសិនបើចែកទៅដល់កូនជាលុយ ជាប្រាក់ ដីធ្លី គង់តែថ្ងៃណាមួយទ្រព្យទាំងនោះនឹងអស់ ប្រសិនបើអ្នកបន្តវេនមិនចេះថែរក្សា មិនចេះការពារ ហើយយកទៅចាយវាយដោយពុំមានការពិចារណារ ប៉ុន្តែបើយើងចែកឱ្យកូននូវចំណេះដឹងៗនោះគឺជាទ្រព្យសម្បត្តិនេះមិនចេះរីងស្ងួតហើយមានតម្លៃ និងកាន់តែមានតម្លៃនៅពេលដែលកូនខិតខំសិក្សារៀនសូត្រ ព្រោះការសិក្សារៀនសូត្រជាទ្រព្យសម្បត្តិមានតម្លៃដែលចាយមិនចេះចប់ និងមិនចេះអស់នោះទេ»។

សម្តេចបន្តថា ការអប់រំអាចធ្វើឱ្យមនុស្សផលិតបាននូវអ្វីៗគ្រប់យ៉ាង ដើម្បីបំពេញសេចក្តីត្រូវការរបស់មនុស្សជាតិ អាចនិយាយក្នុងន័យប្រៀបធៀបបានថា មនុស្សផលិតមាសបាន ហើយមាសដែលផលិតចេញពីខួរក្បាលមនុស្សគឺមិនចេះអស់នោះទេ ហេតុនេះការអប់រំមនុស្សឱ្យមានបញ្ញា មានចំណេះដឹង មានជំនាញ មានសីលធម៌ មានទ្រព្យសម្បត្តិនឹងរួចផុតពីភាពក្រីក្រគឺជាគោលដៅអតិភាពរបស់រាជរដ្ឋាភិបាល។

សម្តេចលើកឡើងថា ប្រទេសដែលមានការរីកចំរើន និងអភិវឌ្ឍន៍ជឿនលឿនគឺជាប្រទេសដែលសំបូរដោយធនធានមនុស្សគ្រប់ជំនាញដែលបានពីការអប់រំបណ្តុះបណ្តាលត្រឹមត្រូវ និងប្រកបដោយគុណភាព ដោយគុណភាពគឺជាកត្តាអទិភាពមួយដែលគ្រប់ភាគីពាក់ព័ន្ធត្រូវរួមគ្នាឱ្យតម្លៃ រួមគ្នាទទួលខុសត្រូវ និងរួមគ្នាបេ្តជ្ញាចិត្តធ្វើឱ្យបានក្នុងការផលិតនូវធនធានមនុស្សប្រកបដោយសមត្ថភាព វិជ្ជាជីវៈពិតប្រាកដ៕

LEAVE A REPLY

Please enter your comment!
Please enter your name here