ក្រសួងមហាផ្ទៃ ជំរុញឱ្យពលករខ្មែរត្រឡប់មកពីប្រទេសថៃ ដែលអត់ការងារធ្វើទៅចុះឈ្មោះ នៅមន្ទីរការងារខេត្ដ

0
8

ភ្នំពេញ៖ លោកស្រីជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សបានជំរុញឱ្យពលរដ្ឋ និងពលករ ដែលទើបត្រឡប់មកពីប្រទេសថៃដែលអត់ការងារធ្វើ ទៅចុះឈ្មោះរកការងារធ្វើនៅមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត ដែលជាយន្តការរបស់រាជរដ្ឋបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាចំពោះមុខរបស់ប្រជាពលរដ្ឋ ដែលមានតម្រូវការការងារ សម្រាប់ផ្គត់ផ្គងជីវៈភាពគ្រួសារផងដែរ។

នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១លោកស្រីជូ ប៊ុនអេងរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សបានចុះតាមដាន ត្រួតពិនិត្យការអនុវត្តគម្រោងរួមគ្នា រវាងរាជរដ្ឋាភិបាលកម្ពុជាជាមួយអង្គការសហប្រជាជាតិ សម្រាប់គាំទ្រ និងលើកកម្ពស់ជីវភាព និងសុខភាព សម្រាប់ប្រជាពលរដ្ឋជាទេសន្តរប្រវេសន៍ ក្នុងដំណាក់កាលជំងឺកូវីដ-១៩ នៅស្រុកក្រឡាញ់ និងស្រុកពួក។

ក្នុងឱកាសនេះលោកស្រី បានធ្វើការក្រើនរំលឹក ឱ្យអាជ្ញាធរដែនដីត្រូវតាមដាន និងយកចិត្តទុកដាក់ពីបញ្ហាសំណូមពរនានា ដែលពលករដ្ឋបានស្នើ និងបានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋទាំងអស់គ្នាត្រូវបង្កើនការផលិតផ្នែកកសិកម្ម ការចិញ្ចឹមសត្វជាដើម ដើម្បីដោះស្រាយបញ្ហាជីវភាព ពិសេសនៅក្នុងដំណាក់កាលដែលប្រទេសកំពុងតែកើតមានជំងឺកូវីដ១៩ ។

លោកស្រីបានឲ្យដឹងផងដែរដា រាជរដ្ឋាភិបាល បានធ្វើការស្វះស្វែងគៀងគររកជំនួយឧបត្ថម្ភបន្ថែម ទៀតសម្រាប់ទ្រទ្រង់ដល់ផែនការអភិវឌ្ឍការងារ និងជំនាញបច្ចេកទេសផ្សេងៗ ទៅដល់បងប្អូនប្រជាពលរដ្ឋ ដែលជាផ្នែកដ៏សំខាន់ និងជាតម្រូវការចំាំបាច់ចំពោះមុខ ក្នុងការទប់ស្កាត់ការវិលត្រឡប់ទៅស្វែងរកការងារធ្វើនៅក្រៅប្រទេសដោយខុសច្បាប់ និងនៅក្នុងដំណាក់ជំងឺកូវីដ១៩នេះ។

លោកស្រីរដ្ឋលេខាធិការបានជំរុញឱ្យប្រជាពលរដ្ឋ ពិសេសពលករចំណូលស្រុក ដែលទើបត្រឡប់មកពីប្រទេសថៃ ដែលអត់ការងារធ្វើ ទៅចុះឈ្មោះរកការងារធ្វើនៅមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត (មជ្ឈមណ្ឌលការងារខេត្តសៀមរាប) ដែលជាយន្តការរបស់រាជរដ្ឋបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាចំពោះមុខរបស់ប្រជាពលរដ្ឋ ដែលមានតម្រូវការការងារ សម្រាប់ផ្គត់ផ្គងជីវៈភាពគ្រួសារផងដែរ។

សូមបញ្ជាក់ថានាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស អមដំណើរដោយ លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប ថ្នាក់ដឹកនាំអគ្គរងនៃលេខាធិការដ្ឋាន គ.ជ.ប.ជ លោកស្រី អភិបាលស្រុក លោក លោកស្រីប្រធានអង្គការអាយអូអឹម អង្គការ WHO អង្គការយូនីសេហ្វ អង្គការយូអិនអេហ្វភីអេ និងអង្គការធីភីអូ ប្រចាំប្រទេសកម្ពុជាផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here