សហគមន៍អេកូទេសចណ៍ កោះព្រហ្មចារីយ៍ជ្រោយបន្ទាយខេត្តក្រចេះ រួមចំណែកបង្កើតការងារជូនពលរដ្ឋ

0
9

ភ្នំពេញ៖ លោក អ៊ន ចាន់តួ ប្រធានសហគមន៍អេកូទេសចណ៍កោះព្រហ្មចារីយ៍ជ្រោយបន្ទាយបានលើកឡើងថាការបង្កើនការទាក់ទាញភ្ញៀវទេសចរគឺដម្បីជួយដល់ពលរដ្ឋនៅទីនេះកើនកម្រៃមួយថែមទៀត ហើយក៏ឱ្យពលរដ្ឋនៅក្នុងសហគមន៍នេះមានការងារផ្សេងមួយចំណែកទៀត។

លោក អ៊ន ចាន់តួ ប្រធានសហគមន៍អេកូទេសចណ៍កោះព្រហ្មចារីយ៍ជ្រោយបន្ទាយ ថ្លែងឲ្យដឹងថា សហគមន៍អេកូទេសចរណ៍កោះព្រហ្មចារីយ៍ជ្រោយបន្ទាយ មានទីតាំងស្ថិតនៅក្នុងឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ដែលសម្បូរទៅដោយសក្តានុពលទេសចរណ៍បែបធម្មជាតិជាច្រីន រួមមានព្រៃឈើ សត្វស្លាប កោះ សត្វព្រៃ(សត្វក្តាន់) ទេសភាពព្រៃលិចទឹកទន្លេមេគង្គ សូម្បីតែសត្វផ្សោតទន្លេមេគង្គដ៏កម្រក៏ស្ថិតនៅតំបន់នេះផងដែរ។

លោកប្រធានសហគមន៍បន្តថា នៅក្នុងសហគមន៍អេកូទេសចណ៍នេះ គឺភ្ញៀវទេសចរអាចជិះទូកមើលទេសភាពព្រៃលិចទឹក ទស្សនាសត្វស្លាប សម្រាកលម្ហែ ងូតទឹកកម្សាន្ត និងពិសារអាហារនៅតាមឆ្នេរខ្សាច់ដ៏ស្រស់ស្អាត ដោយសហគមន៍ក៏មានផ្តល់សេវាកម្មម្ហូបអាហារ និងការស្នាក់នៅតាមផ្ទះស្នាក់សហគមន៍។

លោកបន្ថែមថា ការមកកម្សាន្តរបស់ភ្ញៀវទេសចរ នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនសម្រាប់ប្រជាសហគមន៍ក្នុងមូលដ្ឋានដែលធ្លាប់តែទទួលបានចំណូលពីការធ្វើស្រែចម្ការនិងរបរដែលធ្វើឱ្យប៉ះពាល់ដល់ធនធានធម្មជាតិ បានងាកមកទទួលចំណូលពីការផ្តល់សេវាកម្មទេសចរណ៍ កាត់បន្ថយការចំណាកស្រុក ចូលរួមអភិរក្សធនធានធម្មជាតិនៅក្នុងតំបន់វិញ ដែលលើកកម្ពស់ជីវភាពបពលរដ្ឋឱ្យកាន់តែល្អប្រសើរជាងមុន។

លោកបានបញ្ជាក់ថា « អត្ថប្រយោជន៏ទី១ គឺជួយដល់ប្រជាពលរដ្ឋនៅទីនេះកើនកម្រៃមួយថែមទៀត ហើយក៏ឱ្យប្រជាពលរដ្ឋនៅក្នុងសហគមន៍នេះមានការងារផ្សេងមួយចំណែកទៀត ដើម្បីនាំភ្ញៀវទេសចរដើរកម្សាន្តក៏បានថវិកា សម្រាប់ផ្គត់ផ្គង់គ្រួសារ ហើយក៏ធ្វើឱ្យសហគមន៍យើងរីកចម្រើន មានភាពល្បី និងមានគេស្គាល់ច្រើនចំពោះសហគមន៍មួយនេះ »។

លោកបានឲ្យដឹងទៀតថា កោះព្រហ្មចារីយ៍ជ្រោយបន្ទាយដែលស្ថិតនៅតាមបណ្តោយដងទន្លេមេគង្គ គឺជាសហគមន៍អេកូទេសចណ៍ថ្មីមួយរបស់ខេត្តក្រចេះ ទើបតែត្រូវបានបង្កើតឡើង នៅចុងឆ្នាំ២០២០នេះ ដោយមានការជួយជ្រោមជ្រែងពីមន្ទីរទេសចរណ៍ខេត្តក្រចេះនិងអង្គការ WWF។

គួរឲ្យដឹងផងដែរថា ភ្ញៀវទេសចរដែលមានបំណងទៅទស្សនាកម្សាន្តនៅសហគមន៍អេកូទេសចណ៍កោះព្រហ្មចារីយ៍ជ្រោយបន្ទាយត្រូវធ្វើដំណើរពីទីរួមខេត្តក្រចេះឆ្ពោះទៅកាន់ស្រុកសំបូរចម្ងាយប្រមាណ៧គីឡូម៉ែត រួចត្រូវបន្តដំណើរតាមសាឡាង(ជ្រោយបន្ទាយ)ប្រមាណជា១៥នាទី នឹងទៅដល់សហគមន៍នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here