ភ្នំពេញ៖ ភ្នំជម្រកសត្វ ជារមណីយដ្ឋានមួយមានទីតាំងស្ថិតនៅភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង មានចម្ងាយប្រមាណជាង៥០គីឡូម៉ែត្រ ពីទីរួមខេត្តស្ទឹងត្រែង។យោងតាមក្រសួងព័ត៍មាន បានឲ្យដឹងថា ដោយមានទេសភាពទាក់ទាញ ភ្នំជម្រកសត្វមានភ្ញៀវប្រមាណជាង៣០០នាក់ មកលេងកម្សាន្ដ ក្នុងមួយសប្ដាហ៍។
លោក អ៊ន់ ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង បានថ្លែងថា ភ្នំជម្រកសត្វ ជាភ្នំធម្មជាតិមួយ ដែលពោរពេញទៅដោយសក្កានុពលទេសចរណ៍ធម្មជាតិ និងប្រវត្តិសាស្ត្រ បានធ្វើឱ្យភ្ញៀវទេសចរ តែងចង់ដឹង ចង់ស្គាល់ តំបន់នោះ ដែលមានលក្ខណៈប្លែក និងអាថ៌កំបាំង សម្រាប់អ្នកដើរកម្សាន្តផង និងសិក្សាស្រាវជ្រាវ ពីធនធានធម្មជាតិព្រៃឈើ សត្វព្រៃ ដ៏កម្ររបស់កម្ពុជាផងដែរ។
លោកបន្ថែមថា ភ្ញៀវទេសចរអាចធ្វើដំណើរឡើងទៅលើភ្នំ ដើម្បីទស្សនាថ្ងៃរៀបលិច ការទស្សនាដងទន្លេមេគង្គវែងដាច់កន្ទុយភ្នែក ក៏ដូចជាការទស្សនាព្រៃព្រឹក្សា ពីលើកំពូលភ្នំយ៉ាងខៀវស្រងាត់ត្រជាក់ភ្នែក រួមជាមួយការទស្សនាក្នុងល្អាងប្រចៀវ និងល្អាងតូចៗជាច្រើនទៀត ដែលមាននៅលើភ្នំនោះ។ លើសពីនេះ ភ្ញៀវទេសចរ អាចសិក្សាពីដើមឈើ ដ៏មានតម្លៃដែលមានអាយុកាលច្រើនឆ្នាំផងដែរ។ លោកបន្តទៀតថា ដោយសារតែមានភាពអំណោយផលពីធម្មជាតិបែបនេះ ទើបធ្វើឱ្យតំបន់មួយនេះ ទាក់ទាញភ្ញៀវទេសចរជាហូរហែ ចូលមកសម្រាកលម្ហែកាយ បោះតង់ ដើរតាមជម្រាលភ្នំ ដើម្បីទទួលយកនូវបទពិសោធន៍ និងអារម្មណ៍ប្លែក ស្រស់ស្រាយ បាត់អស់នូវក្តីទុកកង្វល់។
លោកបញ្ជាក់ថា «អ្វីដែលជាការទាក់ទាញសម្រាប់ភ្ញៀវទេសចរនៅក្នុងតំបន់នោះគឺមានសហគមន៍ព្រៃឈើក្នុងភ្នំជម្រកសត្វក្នុងការទស្សនានូវទេសភាពទិដ្ឋភាពពីលើកំពូលភ្នំដែលយើងមានរៀបចំជាកន្លែងទស្សនាពីលើកំពូលភ្នំសំខាន់ជាងនោះនៅតាមរូងភ្នំមួយចំនួនគឺមានការទាក់ទាញដោយសារមានរូងភ្នំខ្លះជារូងភ្នំប្រចៀវហើយនិងមានរូងភ្នំដែលមានលក្ខណៈប្លែកក្នុងរូងភ្នំនិងមានការចាប់អារម្មណ៍ពីភ្ញៀវទេសចរផងដែរ»។
លោកបានឲ្យដឹងទៀតថា ក្នុងសហគមន៍នោះ ក៏មានជាការបម្រើសេវាកម្មផ្សេងៗសម្រាប់ភ្ញៀវទេសចរ ដូចជា សេវាកម្មដើរកម្សាន្តព្រៃ សេវាកម្មដើរ កម្សាន្តភ្នំ និងមានសេវាកម្មម្ហូបអាហារទៀតផង។
គួរបញ្ជាក់ថា ភ្នំជម្រកសត្វ បានបើកដំណើរការ ជូនភ្ញៀវជាតិនិងអន្តរជាតិមកទស្សនាបានរយៈពេលជាង២ឆ្នាំមកហើយ៕



