ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងថា អ្នកដែលបានចាក់វ៉ាក់សាំងរួច ក៏ចាំបាច់ត្រូវបន្តអនុវត្តវិធានការសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួន រួមទាំងធ្វើចត្តាឡីស័កផងដែរ ប្រសិនបើ ចូលមកកម្ពុជា។
តាមរយៈបណ្ដាញសង្គមតេឡេក្រាម នៅថ្ងៃទី២៣ មករានេះ លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា «អ្នកដែលបានចាក់វ៉ាក់សាំងរួច ក៏ចាំបាច់ត្រូវបន្តអនុវត្តវិធានការ សុខាភិបាលឲ្យបានខ្ជាប់ខ្ជួនដែរ រួមទាំងការធ្វើចត្តាឡីស័កផងដែរ ប្រសិនបើចូលមកកម្ពុជា។ មូលហេតុ ខ្ញុំបានពន្យល់ក្នុងបទសម្ភាសន៍ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ និងបានចែកចាយកន្លងមករួចហើយ សូមមេត្តាចូលរួមស្តាប់ផងចុះ»។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៤៥៦នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤០៣នាក់ និងអ្នកជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ចំនួន ៥៣នាក់៕