រដ្ឋមន្ដ្រីកសិកម្ម អំពាវនាវអ្នកបរិភោគគួរងាកមកប្រើប្រាស់ ឬបរិភោគផលិតផលក្នុងស្រុកវិញ

0
6

ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានបន្ដស្នេីអាជ្ញាធរជួយទប់ស្កាត់ការនាំចូលត្រីពីប្រទេសជិតខាង ហើយអ្នកបរិភោគគួរងាកមកប្រើប្រាស់ឬបរិភោគផលិតផលក្នុងស្រុកវិញ។
ក្នុងឱកាសចុះពិនិត្យកសិដ្ឋានចិញ្ចឹមត្រីប្រា ពោ អណ្តែង និងត្រីឆ្តោ នៅស្រុកព្រៃឈរ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ លោក វេង សាខុន បានកោតសរសើរ និងវាយតម្លៃលើកិច្ចខិតខំប្រឹងប្រែងរបស់វារីវប្បករដែលបានអត់ធ្មត់ ស៊ូទ្រាំ និងឆ្លងកាត់បញ្ហាយ៉ាងលំបាកនៃវិបត្តិជំងឺឆ្លងកូវីដ-១៩ ដែលបានធ្វើឲ្យប៉ះពាល់លើគ្រប់វិស័យ ក្នុងនោះក៏មានវិស័យម្ហូប អាហារដែលប្រើប្រាស់ផលពីវារីវប្បកម្មក្នុងស្រុក ជាហេតុធ្វើឲ្យបរិមាណផ្គត់ផ្គង់លើសពីតម្រូវការ នាំឲ្យតម្លៃត្រីធ្លាក់ចុះដោយស្វ័យប្រវត្តិ។

លោកបន្ដថា ហេតុផលដ៏ចំបងនេះ ក្រសួងបានសម្រេចផ្អាកការនាំចូលផលត្រីដើម្បីពង្រីកផលិតកម្មក្នុងស្រុក និងទ្រទ្រង់តម្លៃត្រីឡើងវិញ ហើយចំណាត់ការនេះទទួល ការគាំទ្រ សាទរ និងអរគុណពីវារីវប្បករនៅទូទាំងប្រទេស។

លោកបញ្ជាក់ថា «ស្នើសុំអាជ្ញាធរមានសមត្ថកិច្ចជួយទប់ស្កាត់ការនាំចូលត្រីពីប្រទេស ជិត ខាង ហើយបានអំពាវនាវអ្នកបរិភោគគួរងាកមកប្រើប្រាស់ ឬបរិភោគផលិតផលក្នុងស្រុកវិញដើម្បីជួយជំរុញកំណើនផលិតកម្មវារីវប្បកម្ម ឲ្យកាន់តែកើនឡើងទាំងបរិមាណ គុណភាព និងតម្លៃ ជាពិសេស សុំឲ្យអ្នកវិនិយោគក្នុងស្រុកងាកមកចាប់អារម្មណ៍លើវិស័យនេះ ដើម្បីចូលរួមបង្កើនផលិតកម្មស្បៀង ផ្គត់ផ្គង់ឲ្យបានគ្រប់គ្រាន់តាមតម្រូវការក្នុងស្រុកក្នុងបរិបទនៃការរីករាលដាលជាសកលនៃជំងឺឆ្លងកូវិដ-១៩»។

ឆ្លៀតយកឱកាសនេះ លោករដ្ឋមន្ដ្រីកសិកម្ម បានណែនាំឲ្យរដ្ឋបាលជលផល និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តនិងសមាគមវារីវប្បករកម្ពុជាជួយធ្វើទីផ្សារដើម្បីរក្សានិរន្តរភាពផលិតកម្មចិញ្ចឹម ហើយគួរជួយរៀបចំផែនការផលិតកម្ម ចងក្រងបណ្តុំអ្នកចិញ្ចឹម រៀបចំផ្សារណាត់ដើម្បីផ្តល់ឱកាសឲ្យអ្នកចិញ្ចឹម ឈ្មួញ និងអ្នកបញ្ជាទិញ បានជួបពិភាក្សាគ្នាលើចំណុចវិជ្ជមាននិងអវិជ្ជមាន។បន្តបញ្ចូលបច្ចេកទេសថ្មីៗបន្ថែមទៀតទាំងការផលិតកូន ផ្តល់ចំណី គុណភាពទឹក និងបរិស្ថានចិញ្ចឹម ឈានឆ្ពោះទៅបំពេញឲ្យខ្សែច្រវាក់ផលិតកម្ម រួមទាំងខ្សែច្រវាក់តម្លៃបន្ថែមសំដៅដល់ការកែច្នៃ ឆ្លើយតបតាមស្តង់ដានាំចេញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here