ភ្នំពេញ៖ ស្ថានទូតខ្មែរប្រចាំប្រទេសថៃបានឲ្យដឹងថាមាន ក្នុងករណីបាក់ស្រុតស្ពានអាកាស នៅខេត្តនគររាជសីមាមានពលករខ្មែរ៧នាក់រងគ្រោះតែមិនដល់ថ្នាក់បាត់បង់ជីវិតទេ ហើយកំពុងទទួលបានការព្យាបាល។
នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ តំណាងស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃ បានចុះមកមន្ទីរពេទ្យមហារាជ និងការដ្ឋានសាងសង់ផ្លូវ នៅខេត្តនគររាជសីមា ដើម្បីសួរសុខទុក្ខបងប្អូនពលករខ្មែរចំនួន៧រូប ប្រុស៤នាក់ និងស្រី៣នាក់ ដែលបានជួបគ្រោះថ្នាក់ស្ពានអាកាសបាក់ស្រុតចុះខណៈកំពុងសាងសង់កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ១៤៖១៨នាទី ស្ថិតនៅបរិវេណផ្លូវសុរៈណារ៉ាយ ឃុំឃោកស៊ូង ស្រុកមឿងនគររាជសីមា ខេត្តនគររាជសីមា ប្រទេសថៃ។
បញ្ជាក់គ្រោះថ្នាក់ខាងលើមិនមែនករណីរងគ្រោះដល់ស្លាប់បាត់បង់ជីវិតនោះទេ។ បច្ចុប្បន្នពលករ៣នាក់បានចេញពីមន្ទីរពេទ្យហើយ ចំណែកពលករ៤នាក់ ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្នុងនោះ១នាក់ជាស្ត្រី រងរបួសបាក់ជើងស្តាំ ១នាក់ទៀតនឹងចេញពីមន្ទីរពេទ្យប៉ុន្មានថ្ងៃខាងមុខទៀត និងពលករ២នាក់ទៀតនឹងចេញពីមន្ទីរពេទ្យនាល្ងាចថ្ងៃនេះ។
ការចំណាយលើការព្យាបាលនៅមន្ទីរពេទ្យរបស់ពលករខ្មែរទាំងអស់ គឺខាងនិយោជក និងធានារ៉ាប់រងសង្គមជាអ្នកទទួលខុសត្រូវចំណែកពលករដែលកំពុងសម្រាកព្យាបាលនិងមិនអាចទាន់ចូលធ្វើការវិញបាន នឹងទទួលបានប្រាក់ឈ្នួលទៅតាមច្បាប់។
ជាមួយគ្នានេះផងដែរ តំណាងស្ថានទូតបានពាំនាំថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួន ជូនដល់ប្អនប្អូនពលករដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងសម្រាកនៅកន្លែងស្នាក់នៅរបស់ពួកគាត់ព្រមទាំងផ្តាំផ្ញើការសួរសុខទុក្ខពីរាជរដ្ឋាភិបាលកម្ពុជាដែលមានការព្រួយបារម្ភពីសុខទុក្ខរបស់បងប្អូនពលករខ្មែរផងដែរ៕