យុវជនម្នាក់ ចូលខ្លួនសារភាពកំហុស ពាក់ព័ន្ធការបង្ហោះ ព័ត៌មានមិនពិត ប៉ះពាល់កិត្តិយសសមត្ថកិច្ច

0
6

ភ្នំពេញ៖ យុវជនឈ្មោះ ឡា កុសល់ ភេទប្រុស អាយុ២០ឆ្នាំ បានចូលខ្លួនមកទទួលកំហុសរបស់ខ្លួនដែលបានប្រើប្រាស់គណនីហ្វេសបុកឈ្មោះ La kosal ធ្វើការបង្ហោះព័ត៌មានមិនពិត មើលងាយដល់សមត្ថកិច្ច ក៏ដូចជាបង្ខូចកិត្តិយសមត្ថកិច្ច បន្ទាប់ពីរូបគាត់ត្រូវបានសមត្ថកិច្ចធ្វើការផាកពិន័យ ដោយគាត់បានបើកបរល្មើសច្បាប់ចរាចរណ៍ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ នៅត្រង់ចំណុចស្តុបស្ថានទូតវៀតណាម ពីបទល្មើសភ្លើងសញ្ញាចរាចរណ៍ ដោយសារតែការខឹង និងខ្វះការពិចារណាមួយពេល ក៏បានបង្ហោះសារ ជាអក្សរក្នុងហ្វេសបុក នូវព័ត៌មានមិនពិត​ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ដែលមានខ្លឹមសារ ធ្វើឲ្យប៉ះពាល់កិត្តិយស សេចក្តីថ្លៃថ្នូ ដល់កិត្តិយស របស់នគរបាលជាតិ។

យោងតាមស្នងការនគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា ម្ចាស់ហ្វេសបុករូបនេះ បានទទួលស្គាល់នូវកំហុស និងសូមសន្យាថាឈប់ប្រព្រឹត្តអំពើបែបនេះ តទៅទៀតហើយ។ អាស្រ័យហេតុនេះ សូមបងៗសមត្ថកិច្ច ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ មេត្តាយោគយល់ និងលើកលែងទោសដល់រូបគាត់ផង។

ជាចុងបញ្ចប់​​ ម្ចាស់ហ្វេសប៊ុករូបនេះ សូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់​​​​ ចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា ដើម្បីការពារអាយុជីវិត ទ្រព្យសម្បត្តិ របស់ខ្លួនឯង និងអ្នកដទៃ៕

LEAVE A REPLY

Please enter your comment!
Please enter your name here