កូវីដ១៩! ស្ថានទូតកម្ពុជា ចុះសួរសុខទុក្ខ និងចែកអំណោយដល់ពលករខ្មែរ ៧០គ្រួសារ នៅខេត្តសាមុទ្រប្រាកាន

0
10

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ លោក អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ និងមន្ត្រីការទូត បានសហការជាមួយអាជ្ញាធរស្រុកបាងភ្លី ដែលមានការចូលរួមពីអភិបាលស្រុក ប៉ូលីសស្រុក និងតំណាងមន្ទីរសុខាភិបាល ចុះចែកអំណោយជាគ្រឿង ឧបភោគបរិភោគរួមមានអង្ករ មី ត្រីខ ទឹកស៊ីអ៊ីវ ប្រេងឆា អំបិល និងម៉ាស់ ដល់ពលករខ្មែរចំនួន ៧០គ្រួសារ និងថវិកាមួយចំនួនដល់ក្មេងៗជាង ៣០នាក់ ដែលរងផលប៉ះពាល់ដោយសារ ការរីករាលដាលជំងឺកូវីដ១៩ ស្ថិតនៅឃុំបាងផ្លា ស្រុកបាងភ្លី ខេត្តសមុទ្រប្រាកាន។

ទន្ទឹមនេះ លោកទូតក៏បានពាំនាំនូវការសួរសុខទុក្ខ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោករដ្ឋមន្រ្តីការងារ អ៊ិត សំហេង ដែលតែងតែយកចិត្តទុកដាក់និងគិតគូរ សុខទុក្ខបងប្អូនប្រជាពលរដ្ឋខ្មែរ ទាំងក្នុងនិងក្រៅប្រទេស ជាពិសេសតែងតែបានណែនាំឲ្យស្ថានទូតជួយពលរដ្ឋខ្មែរនៅក្រៅប្រទេសឲ្យអស់ពីលទ្ធភាព។

ក្នុងនោះ លោកឯកអគ្គរាជទូតបានណែនាំបងប្អូនពលករ បន្តចូលរួមសហការជាមួយអាជ្ញាធរពាក់ព័ន្ធថៃ ក្នុងការអនុវត្តតាមវិធានការនានារបស់រាជរដ្ឋាភិបាលថៃអោយបានខ្ជាប់ខ្ជួន និងកាន់តែសកម្មថែមទៀតដើម្បីចូលរួម ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ឱ្យមានប្រសិទ្ធភាពខ្ពស់ ក្នុងករណីបងប្អូនពលករ មានបញ្ហាសូមធ្វើការទំនាក់ទំនង មកស្ថានទូតតាមរយៈលេខទូរស័ព្ទ និងហ្វេសប៊ុកផេកស្ថានទូត ដើម្បីជួយដោះស្រាយបងប្អូន។

លោកទូតបញ្ជាក់ថា លោក និងក្រុមការងារបានអនុវត្ត នូវគោលការណ៍សុខាភិបាលត្រឹមត្រូវ ដូចជាពាក់ម៉ាស់ លាងដៃនឹងជែលអាល់កុល និងមានគម្លាតសង្គម ដោយមានការសម្របសម្រួល ពីអាជ្ញាធរមូលដ្ឋានរបស់ថៃ៕

LEAVE A REPLY

Please enter your comment!
Please enter your name here