ការព្យាករណ៍៖ សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២១ នឹងងើបឡើងវិញ

0
7

ភ្នំពេញ៖ សេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០២១ ត្រូវបានព្យាករថា នឹងងើបឡើងវិញជាមួយ នឹងកំណើនរង្វង់៣,៥% ដែលធ្វើឱ្យផលិតផលក្នុងស្រុកសរុបថ្លៃបច្ចុប្បន្ន ស្ថិតក្នុងរង្វង់១១៧៩៣៩ប៊ី លានរៀល សមមូលនឹងប្រមាណ ២៩០១៣លានដុល្លារ។​ នេះបើយោងតាមAKP។

សូចនាករសេដ្ឋកិច្ចបានបង្ហាញទៀតថា ស្របពេលដែលផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ ត្រូវបានរំពឹងថា នឹងកើនឡើងដល់​ ១៧៧១ដុល្លារអាម៉េរិក បើប្រៀបធៀប នឹង១៦៨៣ ដុល្លារអាម៉េរិកក្នុងឆ្នាំ២០២០។ ចំណែកឯអត្រាប្តូរប្រាក់រៀល គឺនៅតែបន្តស្ថិតនៅក្នុងរង្វង់​ ៤០៦៥រៀល ក្នុងមួយដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២១។ ឱនភាពគណនីចរន្តត្រូវបាន ព្យាករថានឹងរួមតូចបន្តិចមកត្រឹម១៧,៣% នៃផលិតផលក្នុងស្រុកសរុបដោយសារការរំពឹងនៃការងើបឡើងវិញ សន្សឹមៗនូវការនាំចេញ និង វិស័យទេសចរណ៍។ ទុនបម្រុងអន្តរជាតិសរុប ត្រូវបានរំពឹងថា នឹងកើនឡើងដល់១៦៩៨១លានដុល្លារអាម៉េរិក។

ក្នុងសុន្ទរកថា បើកវេទិកាសាធារណៈស្តីពី«ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ២០២១ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ លោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិក រប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងថាកម្ពុជា នឹងក្លាយជាកន្លែងទាក់ទាញវិនិយោគមួយធំ នៅពេលមានវ៉ាក់សាំង ចាក់ជូនប្រជាជនពីការយាយីដោយសារជំងឺកូវីដ១៩។

លោក វង្សី វិស្សុត បានសង្កត់ធ្ងន់ថា កម្ពុជាអាចទាក់ទាញការវិនិយោគ ឡើងវិញព្រោះកម្ពុជាមានវិធានការច្បាស់លាស់ក្នុងការទប់ស្កាត់ការរីករាលដាលជំងីកូវីដ១៩កន្លងមកបាន ជោគជ័យដែលជាការផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគ។ « គេឃើញកម្ពុជា ជាតំបន់មួយ មានសុវត្ថិភាពផ្នែកជំងឺកូវីដ»។

ទន្ទឹមនេះ រាជរដ្ឋាភិបាលកម្ពុជាកំពុងស្វះស្វែងរកទិញវ៉ាក់សាំង និង ស្នើសុំជំនួយវ៉ាក់សាំងពីប្រទេសនានា ដើម្បីចាក់ជូនប្រជាពលរដ្ឋកម្ពុជាដោយមិនគិតថ្លៃ និងតាមគោលការណ៍ស្ម័គ្រចិត្ត។

បើតាម លោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជរដ្ឋាភិបាលកម្ពុជា នឹងចាប់ផ្តើមចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ នៅក្នុងខែកុម្ភៈ ឬខែមីនា ខាងមុខនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here