ស្វែងយល់ពី ប្រវត្តិបុណ្យមាឃបូជា

0
5

មាឃបូជា ជាពីធីបុណ្យមួយដែលមាន សារ:សំខាន់ នៅក្នុងពុទ្ធសាសនា ដែលរួមមាន៖ មាឃបូជា ពិសាខបូជា អាសាឍបូជា និងបុណ្យបវារណា (ចេញវស្សា)។ បុណ្យមាឃបូជា ប្រារព្ធឡើងដើម្បីរំលឹកដល់ ថៃ្ងដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនា ឡើងក្នុងលោក នាប្រទេសឥណ្ឌា កាលពី៥៨៨ឆ្នាំមុន គ្រិស្តសករាជ នាថៃ្ងទី១៥ កើតខែមាឃ ក្រោយពីការត្រាស់ដឹង របស់ព្រះអង្គចំនួន ៩ខែគត់។

ការបង្កើតព្រះពុទ្ធសាសនា ក្នុងឋាន: ជាអង្គការសាសនាមួយនេះធ្វើឡើង នៅក្នុងចំណោម ព្រះសង្ឃចំនួន ១២៥០អង្គ ជាសមាជិក ក្នុងអង្គមហាសន្និបាតមួយ ដែលបាននិមន្តមក ពីគ្រប់ស្រទាប់វណ្ណ:ទាំងអស់។          នៅក្នុងមហាសន្និបាតនោះ ព្រះសម្មាសម្ពុទ្ធទ្រង់បាន ប្រកាសនៅគោលការណ៍ចំនួន ១១ប្រការ សម្រាប់ឲ្យសមាជិកមហាសន្និបាតទាំងអស់ កាន់យកជាវិថីជីវិត និងសម្រាប់យកទៅផ្សព្វផ្សាយ ដល់ជនដទៃទៀត            ឲ្យបានយល់ពីពុទ្ធសាសនា។ គោលការណ៍ទាំង ១១ប្រការនេះមានឈ្មោះ ជាភាសាបាលីថា “ឱវាទបាដិមោក្ខ”        ដែលពុទ្ធសាសនិកជនម្មាក់ៗ ត្រូវយកមកសិក្សាឲ្យ យល់ដឹង និងអនុវត្តដូចតទៅ៖

គោលបំណង: គោលបំណងរបស់ព្រះពុទ្ធសាសនា ឬក៏ដូចជាគោលបំណង របស់ពុទ្ធសាសនិកម្នាក់ៗ គឺសែ្វងរកនិព្វានដែលប្រែថា សភាវប្រាសចាកទុក្ខ មិនមានសេចក្តីទុក្ខ មិនមានបញ្ហានៅក្នុងដួងចិត្ត            របស់ខ្លួន ពាក្យនិព្វាននេះមានន័យស្មើ និងពាក្យថា “សន្តិ” ដែលប្រែថា”សេចក្តីស្ងប់”។

យើងអាចនិយាយថា គោលបំណងរបស់ព្រះពុទ្ធសាសនា គឺការបង្កើតឡើងនូវសន្តិភាព ក្នុងដួងចិត្តនេះដែរក៏ជាមូលដ្ឋានគ្រឹះ នៃសន្តិភាពក្នុងសង្គមដែលខ្លួន រស់នៅផង។ ការកាន់ព្រះពុទ្ធសាសនា គឺជាការប្រឹងប្រែង ដើម្បីបង្កើតសន្តិភាពដល់ខ្លួន និងចូលរួមចំណែកដល់សន្តិភាពសង្គម និងពិភពលោកនេះ ជាកាតព្វកិច្ចដែលពុទ្ធសាសនិកម្នាក់ៗ ត្រូវប្រឹងប្រែងធ្វើឲ្យសម្រេច។

គោលដៅ: សន្តិភាព ប្ញនិញ្វន មិនមែនកើតឡើងដោយការ សុំបន់ស្រន់បួងសួងទេ និងក៏មិនអាចកើតឡើងដោយសារផ្តល់ ឬប្រទានឲ្យដោយចិត្តស្រឡាញ់មេត្តា របស់អាទិទេព ឬព្រះជាម្ចាស់អង្គណាមួយឡើយ សន្តិភាពនេះកើតដោយសារ ការសន្សំរបស់សកម្មភាព ៣យ៉ាងគឺ:

– ការមិនធ្វើអាក្រក់ ការកម្ចាត់អំពើអាក្រក់ និងការពារអំពើអាក្រក់គ្រប់ប្រភេទ មិនឲ្យកើតក្នុងជីវិត               រស់នៅទាំងផ្លូវកាយ និងផ្លូវសម្តី។
– ការធ្វើអំពើល្អ បង្កើតអំពើល្អ និងរក្សាអំពើល្អ ឲ្យស្ថិតសេ្ថរគង់វង្សក្នុងជីវិតរស់នៅប្រចាំថៃ្ង ទាំងអំពើល្អ              ខាងផ្លូវកាយ និងផ្លូវសម្តី។
– ពង្រឺងចិត្តដែលជាមូលដ្ឋាន នៃអំពើដោយ កម្ចាត់កិលេស ឬមេរោគដែលតោងចិត្តឲ្យអស់ ទៅរហូតដល់ចិត្ត       ស្អាតបរិសុទ្ធ មិនមានសភាវ:អាក្រក់ស្ថិតនៅ។

លក្ខណ: របស់ពុទ្ធសាសនិកជន៖
លក្ខខណ្ឌទី១៖ មានការអត់ធ្មត់ ក្នុងការធ្វើអំពើល្អ និងកម្ចាត់អំពើអាក្រក់។
លក្ខខណ្ឌទី២៖ មិនប្រើអំពើហិង្សាក្នុងការរស់នៅ។
លក្ខខណ្ឌទី៣៖ មិនប្រើពាក្យបៀតបៀន និងតិ:ដៀលអ្នកដទៃ។
លក្ខខណ្ឌទី៤៖ រក្សាសីលរស់នៅ ក្នុងច្បាប់យកច្បាប់ជាធំ។
លក្ខខណ្ឌទី៥៖ បរិភោគ ប្រើប្រាស់វត្ថុទាំងទ្បាយ ដោយសន្សំសំចៃ និងស្គាល់ប្រមាណ។
លក្ខខណ្ឌទី៦៖ ចូលចិត្តភាពស្ងប់ស្ងាត់ និងបង្កើតបរិយាកាសស្ងប់ស្ងាត់។
លក្ខខណ្ឌទី៧៖ មានសេចក្តីព្យាយាម ក្នុងការសម្អាតចិត្ត ធ្វើឲ្យចិត្តមានសមាធិ។

មេរៀនពីបុណ្យមាឃបូជា៖ ថៃ្ងនេះជាថៃ្ងដែលព្រះពុទ្ធអង្គទ្រង់ ប្រកាសគោលការណ៍ទាំង ១១ប្រការនេះ សម្រាប់ជាប្រយោជន៍ដល់បរិស័ទ យកទៅប្រើប្រាស់:

ចំណុច១៖ ក្នុងឋាន:ជាបរិស័ទ ការអនុវត្តន៍តាមប្រការទាំង ១១នេះ នឹងនាំទៅរកសន្តិភាព                                        ផ្លូវចិត្តជាពិតប្រាកដ។
ចំណុច២៖ ក្នុងឋាន:ជាពលរដ្ឋក្នុងសង្គម ការមានគោលបំណងរួម មានគោលដៅដូចគ្នា និងការប្រព្រឹត្តប្រហាក់              ប្រហែលគ្នានេះ នឹងអាចនាំមកនូវសន្តិភាព និងការអភិវឌ្ឍន៍ដែលប្រកបដោយនិរន្តភាព។
ចំណុច៣៖ ក្នុងឋាន:ជាក្រុមបក្ស នៅក្នុងសង្គម ឬប្រទេសជាតិមួយដែលព្យាយាមសែ្វងរក នូវឱកាសដើម្បីរក្សា                សន្តិភាព និងជំរុញដល់ការអភិវឌ្ឍន៍ដល់ ប្រទេសជាតិ តែឯងនោះ ការគោពតាមគោលការណ៍ទាំង                  ១១ប្រការនេះ នឹងកាត់បន្ថយបាននូវ អស្ថិរភាព ជម្លោះ និងអំពើហិង្សា ដែលកើតមកពីការប្រកូត                ប្រជែងគ្នាបាន។
ចំណុច៤៖ ក្នុងឋាន:ជាអ្នកផ្សាយសាសនា ការប្រព្រឹត្តទៅតាមគោលការណ៍នេះ នឹងនាំឲ្យមានការយោគយល់                    ការផ្តល់កិត្តិយសដល់គ្នា និងគ្នា និងការរស់នៅជុំគ្នា ក្នុងឋាន:ជាមនុស្សជាតិ បានបើទោះជាមាន                  សាសនាខុសគ្នាៗ ក៏ដោយ។
ចំណុច៥៖ ក្នុងឋាន:ជាអន្តរជាតិ ការគោរពតាមគោលការណ៍នេះ នឹងនាំមកនូវនិរន្តរភាព របស់មនុស្សជាតិ                    បរិស្ថាន ធម្មជាតិ ពិភពសត្វ និងអាកាសធាតុ ដ៏យូរអងែ្វងបានដោយ មិនបាច់ព្រួយបារម្ភក្នុង                    ការដណ្តើម គ្នាដើម្បីរស់ឡើយ។

សង្ឃឺមថាយើងម្នាក់ៗ អាចទាញយកប្រយោជន៍បានខ្លះ ពីថៃ្ងមាឃបូជានេះ នឹងអញ្ជើញនាំគ្នា ធ្វើបុណ្យទានរក្សាសីល និងសមាធិសម្អាតចិត្តរបស់ខ្លួន ក្នុងថៃ្ងនេះ ដើម្បីបូជា និងរំលឹកចំពោះគុណព្រះសម្មាសម្ពុទ្ធ ដែលព្រះអង្គបានបង្កើតព្រះពុទ្ធសាសនាសម្រាប់ជាមាគ៌ា‌ជីវិត ដល់ពួកយើងទាំងអស់គ្នា។

LEAVE A REPLY

Please enter your comment!
Please enter your name here