ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជំរុញយ៉ាងម៉ឺងម៉ាត់ដល់ ប្រជាសហគមន៍កោះព្រហ្មចារីយ៍ ជ្រោយបន្ទាយ អង្គការ WWF និងភាគីពាក់ព័ន្ធ បន្តរួមគ្នាថែរក្សាអភិរក្សសត្វផ្សោត នៅតាមទន្លេមេគង្គឱ្យបានគង់វង្សតទៅមុខ ដើម្បីបង្កើនភាពទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ដោយលោកបានបញ្ជាក់ថា សម្រាប់ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង សត្វផ្សោតប្រៀបដូចជា ប្រាសាទអង្គរទីពីរយ៉ាងដូច្នេះដែរ។ នេះបើយោងតាមហ្វេសប៊ុក ក្រសួងទេសចរណ៍។
សហគមន៍កោះព្រហ្មចារីយ៍ ជាសហគមន៍អេកូទេសរណ៍ថ្មីមួយ នៅតាមបណ្តោយដងទន្លេមេគង្គ ស្ថិតក្នុងឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ មានចម្ងាយប្រមាណ ១៧ គីឡូម៉ែត្រពីទីរួមខេត្ត។ សហគមន៍នេះទើបតែត្រូវបានបង្កើតឡើងនៅចុងឆ្នាំ២០២០ ដោយមានការជួយជ្រោមជ្រែង ពីមន្ទីរទេសចរណ៍ខេត្តក្រចេះ និងអង្គការ WWF។
ក្នុងឱកាសជួបសំណេះសំណាល ជាមួយប្រជាសហគមន៍ព្រហ្មចារីយ៍ ជ្រោយបន្ទាយ កាលពីថ្ងៃទី២៩ មករា លោករដ្ឋមន្ត្រី ថោង ខុន បានលើកឡើងថា ខេត្តក្រចេះ គឺជាគោលដៅទេសចរណ៍ដ៏សំខាន់ ក្នុងចំណោមខេត្តដទៃនៅតំបន់ភូមិភាគឦសាន ពិសេសគឺមានសក្ដានុពល អេកូទេសចរណ៍ដ៏សម្បូរបែប ពិសេសគឺមានសត្វផ្សោត ដែលជាសត្វដ៏កម្រនៅលើពិភពលោក។
លោកបន្តថា ភ្ញៀវអន្តរជាតិភាគច្រើន គឺចង់មកទស្សនាសត្វផ្សោត ទន្លេមេគង្គនៅកម្ពុជា។ សម្រាប់ខេត្តក្រចេះ ក៏ដូចជាខេត្តស្ទឹងត្រែង សត្វផ្សោតគឺប្រៀបដូចជាប្រាសាទអង្គរវត្តទីពីរយ៉ាងដូច្នេះដែរ ដែលនៅលើពិភពលោកសត្វប្រភេទនេះ បានផុតពូជសឹងតែអស់ហើយ ប៉ុន្តែមានសក្ដានុពលដ៏មានភាពទាក់ទាញ និងមានគុណតម្លៃដ៏ធំមហាសាល សម្រាប់វិស័យទេសចរណ៍ជាតិ។
ដោយសារចេះតែមានការរំខានធ្វើឱ្យសត្វផ្សោតបាត់បង់ជាបន្តបន្ទាប់ លោករដ្ឋមន្ត្រីបានស្នើយ៉ាងទទូចដល់ប្រជាសហគមន៍ អ្នកប្រកបរបរនេសាទ ក៏ដូចជាអង្គការ WWF និងភាគីពាក់ព័ន្ធដទៃទៀត ត្រូវបន្តរួមគ្នាថែរក្សាអភិរក្សសត្វផ្សោត ក៏ដូចជាសត្វព្រៃដទៃទៀត (សត្វក្ដាន់) ឱ្យបាននៅគង់វង្សតទៅមុខទៀត ដើម្បីបង្កើនភាពទាក់ទាញភ្ញៀវទេសចរនានា។
លោករដ្ឋមន្ត្រី បានស្នើឲ្យប្រជាពលរដ្ឋ កុំទៅនេសាទនៅកន្លែងសត្វផ្សោតរស់នៅ ពីព្រោះសត្វប្រភេទនេះងាយនឹងរងគ្រោះថ្នាក់ណាស់ និងមានការកកើតយឺត មិនអាចរំខានដល់ការរស់នៅ របស់ពួកវាបានឡើយ។នៅពេលប្រជាពលរដ្ឋថែរក្សាសត្វផ្សោតបានរស់នៅគង់វង្សហើយប្រជាពលរដ្ឋអាចងាកមកប្រកបមុខរបរបម្រើសេវាកម្ម ជូនភ្ញៀវទេសចរ នោះប្រជាពលរដ្ឋនឹងទទួលបានប្រាក់ចំណូលកាន់តែច្រើនពីវិស័យទេសចរណ៍ និងការចូលរួមអភិរក្សសត្វផ្សោត និងសត្វព្រៃដទៃ ពិសេសគឺទទួលបានប្រាក់ចំណូលច្រើនជាងការនេសាទ ជាងការកាប់ព្រៃឈើ ឬការបរបាញ់សត្វនោះទៅទៀត។
លោក ថោង ខុន ក៏បានណែនាំឱ្យមន្ទីរទេសចរណ៍ ត្រូវពង្រឹងការបណ្ដុះបណ្ដាលជំនាញ បដិសណ្ឋារកិច្ច ការបម្រើសេវាកម្មជូនភ្ញៀវឱ្យបានជាប្រចាំដើម្បីបង្កើនគុណភាពសេវាកម្ម ជូនភ្ញៀវទេសចរ បង្កើនការផ្សព្វផ្សាយអំពីគោលដៅរបស់ខ្លួន និងបង្កើនការទាក់ទាញភ្ញៀវបន្ថែមទៀតផងដែរ។ ប្រជាសហគមន៍ត្រូវចេះចិញ្ចឹមសត្វ ដាំបន្លែ ផ្លែឈើ និងពង្រីកផលិតផលទេសចរណ៍ ក្នុងសហគមន៍របស់ខ្លួនឱ្យកាន់តែច្រើន ត្រូវចេះច្នៃអ្វីដែលសហគមន៍មានឱ្យក្លាយទៅជា ផលិតផលទេសចរណ៍សម្រាប់ បង្ហាញទៅកាន់ភ្ញៀវទេសចរ នៅពេលពួកគេមកទស្សនានៅក្នុង សហគមន៍ព្រហ្មចារីយ៍ជ្រោយបន្ទាយនេះ។
លោករដ្ឋមន្ត្រីបានស្នើដល់រដ្ឋបាលខេត្តក្រចេះ ជួយសម្រួលការចរចាជាមួយរមណីដ្ឋានអន្លង់ផ្សោតកាំពី ដើម្បីមានភ្ញៀវមួយចំនួនចង់មកទស្សនាសហគមន៍ដោយភ្ជាប់ខ្សែរទស្សនកិច្ច ពីរមណីដ្ឋានអន្លង់ផ្សោតកាំពី ហើយសូមឱ្យមានការទំនាក់ទំនង ជាមួយសហគមន៍ព្រហ្មចារីយ៍ជ្រោយបន្ទាយ ដើម្បីឱ្យប្រជាសហគមន៍ទទួលបានកម្រៃពីការបម្រើសេវាកម្ម ជូនភ្ញៀវទេសចរ។
សូមជម្រាបថា សហគមន៍កោះព្រហ្មចារីយ៍ជ្រោយបន្ទាយនេះ សម្បូរទៅដោយសក្តានុពលទេសចរណ៍ បែបធម្មជាតិជាច្រីន រួមមាន៖ ព្រៃឈើ សត្វស្លាប កោះ សត្វព្រៃ (ពិសេសគឺសត្វក្តាន់) ទេសភាពព្រៃលិចទឹកទន្លេមេគង្គ សូម្បីតែសត្វផ្សោតទន្លេមេគង្គ ដ៏កម្រក៏ស្ថិតនៅតំបន់នេះផងដែរ។ នៅទីនេះទេសចរអាចជិះទូក មើលទេសភាពព្រៃលិចទឹក ទន្សនាសត្វស្លាប សម្រាកលម្ហែ ងូតទឹកកម្សាន្ត និងពិសាអាហារនៅតាមកោះស្អាតៗជាច្រើន។ សហគមន៍ក៏មានផ្តល់សេវាកម្មម្ហូបអាហារ និងស្នាក់នៅតាមផ្ទះស្នាក់សហគមន៍ផងដែរ៕