រដ្ឋមន្រ្តីព័ត៌មានស្នើស្ថានទូតរុស្ស៊ី មុនផ្សព្វផ្សាយពីដំណឹង ឬសេចក្តីថ្លែងការណ៍អ្វីមួយ ត្រូវបញ្ជូនមកក្រសួងព័ត៌មាន

0
10

ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានស្នើដល់ស្ថានទូតរុស្ស៊ី នៅពេលមានការផ្សព្វផ្សាយពីដំណឹងនានា ឬ សេចក្តីថ្លែងការណ៍អ្វីមួយ សូមបញ្ជូនមកក្រសួងព័ត៌មានកម្ពុជា ដើម្បីចាត់ចែងផ្សព្វផ្សាយបន្ត ព្រោះជាគោលការណ៍ រាល់បណ្តាប្រទេស ដែលមានទំនាក់ទំនងជាមួយកម្ពុជា គឺតែងតែផ្អែកលើការផ្សាយរបស់ស្ថានទូតនានាប្រចាំនៅកម្ពុជា។ នេះបើយោងតាមAKP។

នៅក្នុងជំនួបជាមួយ លោក អាណាថូលី បូរូវីក (Anatoly Borovik) ឯកអគ្គរដ្ឋទូតនៃសហព័ន្ធរុស្សី ប្រចាំនៅកម្ពុជា កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ លោក ខៀវ កាញារីទ្ធ បានសម្តែងនូវការរីករាយ និងស្វាគមន៍ចំពោះការដែលរដ្ឋាភិបាលនៃ ប្រទេសរុស្សី បានបញ្ជូនលោក អាណាថូលី បូរូវីក ជាមិត្តចាស់របស់កម្ពុជា មកបំពេញបេសកកម្មការងារ ការទូតនៅកម្ពុជាជាថ្មីម្តងទៀត ។

លោករដ្ឋមន្រ្តីបានបញ្ជាក់ថា ក្រសួងព័ត៌មានកម្ពុជាតែងតែមានគោលការណ៍សហការជិតស្និទ្ធជាមួយបណ្តាញផ្សព្វផ្សាយនានា ក្នុងនោះជាមួយទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី ដែលសហការជាមួយក្រសួងព័ត៌មានរួមមាន TASS, SPUTNIK, ANO “Novosti” (The Russian Today TV) ដែលសុទ្ធតែជាបណ្តាញព័ត៌មាន ដែលក្រសួងផ្អែកលើការផ្សាយដំណឹងទាំងអស់។

តែទោះជាយ៉ាងណា លោករដ្ឋមន្រ្តីក៏បានបន្ថែមថា ក្រសួងព័ត៌មាន នឹងបន្តខិតខំបន្ថែមទៀត ដើម្បីជំរុញធ្វើយ៉ាងណាឱ្យមានការយល់គ្នារវាងប្រទេសទាំងពីរ។

ឯកអគ្គរដ្ឋទូតរុស្ស៊ី អាណាថូលី បូរូវីក បានលើកឡើងពីកិច្ចសហប្រត្តិការល្អរវាងប្រទេសទាំងពីរកម្ពុជា និងរុស្ស៊ី លើវិស័យព័ត៌មាន តាំងពីមុនរហូតមកដល់បច្ចុប្បន្ន ហើយតាមរយៈកិច្ចសហប្រតិបត្តិការនេះសង្ឃឹមថា បណ្តាញផ្សព្វផ្សាយ រុស្ស៊ី និងកម្ពុជា កាន់តែរីកចម្រើនល្អប្រសើរឡើងថែមទៀត ដែលនឹងរួមចំណែកដល់ការជំរុញមិត្តភាព និងកិច្ចសហការរវាងប្រទេសទាំងពីរ ដែលមានជាងកន្លះសតវត្សរ៍មកហើយ ឱ្យមានភាពចម្រើនបន្តទៅមុខទៀត។

ឯកអគ្គរដ្ឋទូតបន្តថា សារព័ត៌មាននៅកម្ពុជាមួយចំនួន បានដកស្រង់ព័ត៌មានតែពីប្រទេសលោកខាងលិច ដែលផ្ទុយពីការពិតខ្លះ ដោយមិនបានឆ្លុះបញ្ចាំងពីភាពត្រឹមត្រូវអំពីស្ថានភាព នៅក្នុងប្រទេសរុស្ស៊ី។ ឯកអគ្គរដ្ឋទូត មានគោលបំណងចង់ឱ្យប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា ផ្អែកលើព័ត៌មានខ្លះពីប្រទេសរុស្ស៊ីដើម្បីឱ្យមានតុល្យភាព ក្នុងការផ្តល់ដំណឹង៕

LEAVE A REPLY

Please enter your comment!
Please enter your name here