បណ្ណសារសារមន្ទីរទួលស្លែង គឺជារឿងរ៉ាវសោកនាដកម្ម នៃអំពើប្រល័យពូជសាសន៍ និងជាមេរៀនប្រវត្តិសាស្ត្រសម្រាប់មនុស្សជាតិ

0
8

ភ្នំពេញ៖ លោកស្រីភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថ្លែងថា បណ្ណសារសារមន្ទីរទួលស្លែង គឺជារឿងរ៉ាវសោកនាដកម្ម នៃអំពើប្រល័យពូជសាសន៍ និងជាមេរៀនប្រវត្តិសាស្ត្រសម្រាប់មនុស្សជាតិ ដើម្បីដាស់តឿនដល់អ្នកជំនាន់នេះ និងជំនាន់ក្រោយ ជាពិសេសយុវជនឱ្យចងចាំ និងរៀនសូត្រពីព្រឹត្តិការណ៍ដ៏សាហាវយង់ឃ្នង ប្រយោជន៍រួមគ្នាទប់ស្កាត់ការពារមិនឱ្យរបបនេះកើតឡើងសារជាថ្មីម្ដងទៀត។នេះបើយោងតាមAKP។

លោកស្រីបានថ្លែងបែបនេះក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការ គេហទំព័របណ្ណសារសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ នៅសារមន្ទីរទួលស្លែង។

លោកស្រី មានប្រសាសន៍ថា ការបង្កើតគេហទំព័រនេះ ជាផ្នែកមួយនៃគម្រោង «អភិរក្ស និងថតចម្លងបណ្ណសារសារមន្ទីរទួលស្លែងតាមប្រព័ន្ធកុំព្យូទ័រ» ដែលទទួលបានការឧបត្ថម្ភគាំទ្រ ពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ KOICA ក្រោមក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការ ជាមួយអង្គការ UNESCO។

លោកស្រីបន្តថា គម្រោង «អភិរក្ស និងថតចម្លងបណ្ណសារសារមន្ទីរទួលស្លែងតាមប្រព័ន្ធកុំព្យូទ័រ» នេះពិតជាមានសារសំខាន់ណាស់ក្នុងគោលបំណងពង្រឹងការថែរក្សាបណ្ណសារ សារមន្ទីរទួលស្លែង និងពង្រីកការផ្សព្វផ្សាយឱ្យកាន់តែទូលាយ តាមរយៈការអភិរក្ស និងជួសជុលឯកសារចាស់ៗ ការថតចម្លងឯកសារជាទម្រង់ឌីជីថល ដោយដាក់បញ្ចូលក្នុងប្រព័ន្ធដាតាបេស ការទុកដាក់ឯកសារឱ្យបានគង់វង្សតាមស្តង់ដារសុវត្ថិភាពខ្ពស់ ការបណ្ដុះបណ្ដាលធនធានមនុស្ស ព្រមទាំងការបង្កើតគេហទំព័រ និងបន្ទប់បញ្ចាំងវីដេអូឯកសារ។

លោកស្រីរដ្ឋមន្ត្រីគូសបញ្ជាក់ថា ឯកសារជាង ៤០ម៉ឺនទំព័រ រួមមាន ប្រវត្តិរូបជនរងគ្រោះ ចម្លើយសារភាព រូបថត ហ្វីល និងឯកសារផ្សេងៗទៀតដែលសេសសល់ក្រោយសម័យ ខ្មែរក្រហម ត្រូវបានថតចម្លងជាទម្រង់ឌីជីថល និងដាក់បញ្ចូលក្នុងប្រព័ន្ធដាតាបេស ដោយអ្នកស្រាវជ្រាវអាចចូលមើលបានតាមប្រព័ន្ធកុំព្យូទ័រ។ ទន្ទឹមនេះ ការបង្កើតគេហទំព័របណ្ណសារសារមន្ទីរទួលស្លែង ដែលនឹងដាក់ឱ្យដំណើរការនាពេលខាងមុខនេះ បានផ្ដល់ភាពងាយស្រួលសម្រាប់សាធារណជន អ្នកសិក្សាស្រាវជ្រាវ ពិសេសសាច់ញាតិជនរងគ្រោះ អាចស្វែងរកព័ត៌មានបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។

គួររំម្លឹកដែរថា ស្មារតីនៃការចងចាំពិភពលោករបស់អង្គការយូណេស្កូ បានបញ្ចូលបណ្ណសារសារមន្ទីរទួលស្លែងទៅក្នុងបញ្ជីររបស់ខ្លួន នាខែកក្កដា ឆ្នាំ២០០៩ ដើម្បីទទួលស្គាល់អំពីសារសំខាន់ផ្នែកប្រវត្តិសាស្ត្ររបស់ឯកសារទាំងនោះ។នៅឆ្នាំ២០២០ គម្រោងថតចម្លង និងអភិរក្សបណ្ណសារ ក៏បានទទួលពានរង្វាន់ ’’ជីកជី” នៃស្មារតីចងចាំពិភពលោកប្រចាំឆ្នាំ២០២០ ដោយទទួលស្គាល់ពីតួនាទីរបស់សារមន្ទីរទទួលស្លែង ក្នុងការលើកម្ពស់សន្តិភាព និងការធានាការមិនកើតឡើងវិញនៃឧក្រិដ្ឋកម្មនេះ តាមរយៈបណ្ណសាររបស់ខ្លួន។

សូមជម្រាបដែរថា ទួលស្លែង ឬត្រូវបានគេស្គាល់ថា ជាពន្ធធនាគារ ស-២១ គឺជាមណ្ឌលសួរចម្លើយ និងសម្លាប់រង្គាលដ៏ល្បីល្បាញមួយនៃរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)។ អតីតអគារសាលារៀន ស-២១ ធ្លាប់ជាគុកសម្រាប់ដាក់អ្នកទោសជាង ១៨ ០០០នាក់ និងក្រុមគ្រួសារពួកគេដែលភាគច្រើនជាសមាជិកខ្មែរក្រហមខ្លួនឯង។ អ្នកទោសត្រូវបាន ធ្វើទារុណកម្ម និងសម្លាប់ជាប្រព័ន្ធនៅនឹងកន្លែង ឬនៅវាលពិឃាតជើងឯក។ នៅឆ្នាំ១៩៧៩ មន្ទីរ ស-២១ ត្រូវបានចាត់ទុកជាភស្តុតាងដ៏សំខាន់មួយសម្រាប់ឧក្រិដ្ឋកម្ម ដែលបានកើតឡើងក្នុងរបបនេះ ហើយបានប្រែក្លាយទៅជាសារមន្ទីរ។ សព្វថ្ងៃ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងបានរៀបចំការតាំងពិព័រណ៍អចិន្ត្រៃយ៍ អំពីប្រវត្តិសាស្ត្រនៃទីតាំងនេះ និងដើរតួនាទីជាបូជនីយដ្ឋាននៃការចងចាំជនរងគ្រោះ ដែលត្រូវបានគេធ្វើទុក្ខបុកម្នេញ និងសម្លាប់នៅក្នុងរបបខ្មែរក្រហម៕

LEAVE A REPLY

Please enter your comment!
Please enter your name here