ភ្នំពេញ៖ បន្ទាប់ពីដំណើរការចរចារអស់ជាង ៣ឆ្នាំមក ក្រុមគ្រួសាររបស់ លោក ឌូគ្លាស ឡាចហ្វដ (Dowplaw Lahthord) បានព្រមព្រៀងបញ្ជូនវត្ថុបុរាណខ្មែរទាំងអស់ ដែលបានកាន់កាប់រក្សាទុក មកប្រគល់ជូនកម្ពុជាវិញ។ វត្ថុបុរាណខ្មែរ ចំនួនជាង ១០០រូប ធ្វើពីថ្ម និងសំរឹទ្ធ រួមទាំងសម្បត្តិវប្បធម៌ខ្មែរជាច្រើនទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញជាបន្តបន្ទាប់។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: នៅថ្ងៃទី២៩ មករា បានឲ្យដឹងថា ភាគីទាំងពីរបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងមួយ ស្ដីពីការបញ្ជូនត្រឡប់មកវិញនៃសម្បត្តិវប្បធម៌ ខ្មែរ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០។ ស្នាដៃពិចិត្រទាំងនេះ មានអាយុកាលតាំងពីសតវត្សទី២ រហូតដល់សម័យក្រោយអង្គរ រួមទាំងរតន:វត្ថុដ៏ល្អឯក ពីអតីតរាជធាវីកោះកេរ្តិ៍ និងតំបន់អង្គរ ដែលនឹងត្រូវដាក់តាំងបង្ហាញ សារមន្ទីរជាតិភ្នំពេញពេលខាងមុខ។ ក្នុងដំណាក់កាលដំបូង វត្ថុបុរាណខ្មែរចំនួន៥រូប ក្នុងនោះមានបដិមាព្រះឥសូរ និងព្រះស្កន្ទ (សិវស្កន្ទ) ធ្វើពីថ្មភក់ មកពីរមនីយដ្ឋានកោះកេរ្តិ៍ ខាងកទុកធ្វើពីសំរឹទ្ធ នឹងត្រូវបញ្ជូនមកដល់មាតុភូមិកម្ពុជាក្នុងពេល ឆាប់ៗនេះ។ ក្រសួងវប្បធម៌ នឹងជូនដំណឹងអំពីពេលវេលាជាក់លាក់ ជាបន្តបន្ទាប់ទៀតទៅតាមដំណាក់កាលនីមួយៗ នៃការវិលត្រឡប់មកវិញ នៃសម្បត្តិវប្បធខ្មែរ។
លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានគូសបញ្ជាក់ថា សុខសន្តិភាព និងស្ថិរភាពនយោបាយ នាពេលបច្ចុប្បន្ន តាមរយ:ពេលនយោបាយឈ្នះ-ឈ្នះ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺជាមូលដ្ឋានចម្បងក្នុងការ វិលត្រឡប់នៃព្រលឹងបុព្វបុរសខ្មែរ ដែលបានរសាត់ឆ្ងាយពីតុភូមិ កន្លងមក។ កិច្ចការដ៏លំបាកស្មុកស្មាញនេះអាចសម្រេន ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ និងគាំទ្រ យ៉ាងពេញទំហឹង ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំងកិច្ចសហការជួយ សម្របសម្រួលពីក្រសួងពាក់ព័ន្ធ និងឥស្សរជនជាច្រើនរូបទៀតទាំងក្នុងស្ថាប័នរដ្ឋ និងផ្នែកឯកជន។ ការបញ្ជូនត្រឡប់មកកម្ពុជាវិញនូវរូបចម្លាក់ទាំងនេះ បានបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល កម្ពុជា ក្នុងការទាមទារយកមកវិញនូវ សម្បត្តិវប្បធម៌ខ្មែរដែលបានបាត់បង់ ហើយការបញ្ជូនត្រឡប់មកវិញនេះ ក៏ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ សម្រាប់ប្រជាជនកម្ពុជា និងពិភពលោក៕






