ភ្នំពេញ៖ លោក ទៀ សីហា អភិបាលខេត្ដសៀមរាបលើកឡើងថា ការកែលម្អផ្លូវស៊ីសុវត្ថានឹងធ្វើឱ្យក្រុងសៀមរាបកាន់តែមានសោភ័ណភាពស្រស់ស្អាតនិងងាយស្រួលដល់ចរាចរបន្ថែមមួយកម្រិតទៀត ពិសេសគឺការកាត់បន្ថយការកកស្ទះផងដែរ។
លោក ទៀ សីហា អភិបាលខេត្តសៀមរាបបានលើកឡើងកាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ ក្នុងកិច្ចប្រជុំត្រួតពិនិត្យស្តីពីគម្រោងប្លង់កែលម្អផ្លូវស៊ីវុត្ថា ក្រុងសៀមរាបថា កន្លងមកផ្លូវស៉ីវត្ថា ចាប់ពីស្តុបសុខាអង្គររហូតដល់វត្តចកត្រូវបានធ្វើការកែសម្រួលប្រព័ន្ធលូក្រោមដីរួចមកត្រូវបានក្រុមការងារបច្ចេកទេសធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ធ្វើការសាងសង់និងជួសជុលកំណាត់ផ្លូវនេះឡើងវិញឱ្យស្របតាមប្លង់បច្ចេកទេសដែលបានគ្រោងទុក។
លោកអភិបាលខេត្ដបន្ថែមថា ការកែលម្អផ្លូវនេះនឹងធ្វើឱ្យក្រុងសៀមរាបកាន់តែមានសោភ័ណភាពស្រស់ស្អាតនិងងាយស្រួលដល់ចរាចរបន្ថែមមួយកម្រិតទៀត ពិសេសគឺការកាត់បន្ថយការកកស្ទះផងដែរ។
លោកអភិបាលខេត្ត ក៏បានថ្លែងអំណរគុណចំពោះលោក វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានចំណាយពេលវេលាដ៏មានតម្លៃ និងដឹកនាំទីប្រឹក្សាបច្ចេកទេសធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បីធ្វើបទបង្ហាញស្តីពីគម្រោងប្លង់កែលម្អផ្លូវស៊ីវុត្ថា ក្រុងសៀមរាបនាពេលនេះ ។
គួឲ្យដឹងផងដែរថាក្នុងកិច្ចប្រជុំក៏មានការអញ្ជើញចូលរួមពីលោក វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន អភិបាលរងខេត្ត រដ្ឋបាលក្រុង នាយក នាយករងទីចាត់ការសាលាខេត្ត មន្ទីរ-អង្គភាពពាក់ព័ន្ធ ផងដែរ៕