ព្រឹកនេះ នាយករដ្ឋមន្រ្តី អញ្ជើញបើកការដ្ឋាន សាងសង់រោងចក្រ ប្រព្រឹត្តកម្មទឹកស្អាត បាក់ខែង

0
6

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ នេះបាននិងកំពុងអញ្ជើញបើកការដ្ឋាន សាងសង់រោងចក្រ ប្រព្រឹត្តកម្ម ទឹកស្អាតបាក់ខែង និងសម្ពោធរោងចក្រ ប្រព្រឹត្តកម្មទឹកស្អាត ចំការមន។

យោងតាមគេហទំព័រហ្វេសប៊ុករបស់សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា គម្រោងនេះ ពង្រីកសមត្ថភាពរោងចក្រ ប្រព្រឹត្តកម្មទឹកស្អាតចម្ការមន គឺជាគម្រោងទី១ របស់ផែនការមេដំណាក់កាលទី៣ ដែលបានបញ្ចប់ការងារសាងសង់ ទាំងស្រុងនាខែតុលា ឆ្នាំ២០១៩។ រោងចក្រប្រព្រឹត្តកម្ម ទឹកស្អាតចម្ការមន មានសមត្ថភាពផលិតទឹកស្អាត ៥២,០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ ដែលពីមុនអាចផលិតទឹកស្អាតបានត្រឹមតែ ១២,០០០ម៉ែត្រគូបក្នុងមួយថ្ងៃប៉ុណ្ណោះ។ នៅក្នុងគម្រោងពង្រីកសមត្ថភាពរោងចក្រនេះ រួមមានការពង្រីកបណ្ដាញបំពង់ទឹកស្អាតប្រវែង ៥៨០គីឡូម៉ែត្រ ក្នុងនោះប្រជាពលរដ្ឋប្រមាណជា ២៨០,០០០នាក់ បានទទួលទឹកស្អាត ប្រើប្រាស់ផ្ទាល់ពីបណ្ដាញទឹក របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។ ជាពិសេសប្រជាពលរដ្ឋចំណូលទាប រស់នៅតាមសហគមន៍ ស្ថិតនៅតំបន់ជាយ រាជធានីភ្នំពេញបែកខាងត្បូង។

ដោយឡែកគម្រោង ផ្គត់ផ្គង់ទឹកស្អាតបាក់ខែង គឺជាគម្រោងទី២ របស់ផែនការមេដំណាក់កាលទី៣ នៅពេលសិក្សារបាយការណ៍សមិទ្ធិលទ្ធភាពនៅឆ្នាំ២០១៧ បានកំណត់ទីតាំងរបស់គម្រោងស្ថិតនៅសង្កាត់បាក់ខែង មានចម្ងាយ ១០គីឡូម៉ែត្រ ខាងជើងស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារ)។ ទីតាំងគម្រោងសាងសង់ស្ថិតនៅសង្កាត់បាក់ខែង លើផ្ទៃដីទំហំធំ និងផ្លូវទាំងសងខាងមានទំហំធំទូលាយងាយស្រួលក្នុងការដំឡើងបំពង់មេដែលមានអង្កត់ ផ្ចិតធំ ដើម្បីដាក់ឆ្លងកាត់តាមបាតទន្លេសាប រួចតភ្ជាប់មកតំបន់មួយចំនួននៅរាជធានីភ្នំពេញ។ ពិសេសជាងនេះទៀតនោះ គុណភាពទឹកទន្លេមេគង្គលើមានគុណភាពល្អប្រសើរ ជាងគុណភាពទឹកទន្លេមេគង្គក្រោម។

គម្រោងសាងសង់រោង ចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង គឺជាគម្រោងសាងសង់ដ៏ធំមួយដែលមិនធ្លាប់មានពីមុនមកនៅកម្ពុជា មានសមត្ថភាពផលិតទឹកស្អាត ៤០០,០០០ម៉ែត្រគូបក្នុងថ្ងៃ (សម្រាប់ជំហានទី១ និងជំហានទី២)។ ដំណើរការសាងសង់រោងចក្រនេះ នឹងអនុវត្តជាពីរជំហានស្របគ្នាតែម្ដង និងគ្រោងដាក់ដំណើរការសាកល្បងក្នុងសមត្ថភាពផលិតទឹកស្អាតពាក់កណ្ដាល (ជិត២០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ) នៅត្រីមាសទី១ ឆ្នាំ២០២៣ ហើយនឹងដាក់ដំណើរការពេញសមត្ថភាពទាំងពីរជំហាន (ជិត ៤០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ) នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤៕

LEAVE A REPLY

Please enter your comment!
Please enter your name here