ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសជំហរមិនលូកដៃចូលកិច្ចការផ្ទៃក្នុងនិងមិនធ្វើអត្ថាធិប្បាយអ្វីទាំងអស់ចំពោះសភាពការណ៍ដែលកំពុងកើតឡើងនៅភូមា ស្របពេលយោធាធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អ៊ុងសាន ស៊ូជី និងឡើងគ្រប់គ្រងប្រទេសថែមទាំងដាក់ប្រទេសក្នុងភាពអាសន្ន១ឆ្នាំផងដែរ។
ជាមួយគ្នានោះ លោកស្រី អ៊ុងសាន ស៊ូជី ទីប្រឹក្សារដ្ឋ និងលោក U Win Myint ប្រធានាធិបតី ព្រមទាំងមេដឹកនាំរដ្ឋាភិបាលស៊ីវិលរបស់ភូមាជាច្រើននាក់ ត្រូវយោធាចាប់ឃុំខ្លួន នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១នេះ។
ក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្ម ទឹកស្អាតបាក់ខែង និងសម្ពោធរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមន នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន ថ្លែងសង្កត់ធ្ងន់ថា «ឥឡូវនេះ នៅយ៉ាំងហ្គោន (នៅមីយ៉ាន់ម៉ា) ចាប់ផ្ដើមហើយ ប្រធានាធិបតី និងទីប្រឹក្សារដ្ឋ ត្រូវទាហានចាប់ខ្លួនហើយ តែកម្ពុជាមិនធ្វើអធិប្បាយ កិច្ចការផ្ទៃក្នុងប្រទេសណាទាំង អស់ ទាំងនៅក្នុងក្របខណ្ឌអាស៊ានក្ដី ប្រទេសដទៃក្ដី»។
សម្ដេចតេជោបន្ថែមថាកម្ពុជាគ្រាន់តែផ្សាយព័ត៌មាននៅប្រទេសមីយ៉ាន់ម៉ាជាធម្មតាប៉ុណ្ណោះ ប៉ុន្ដែ កម្ពុជាមិនធ្វើការអធិប្បាយអ្វីឡើយ។
សូមជម្រាបថាយោធាមីយ៉ាន់ម៉ានៅព្រឹកថ្ងៃចន្ទនេះបានប្រកាសដាក់ប្រទេសទាំងមូលក្នុងគ្រាមានអាសន្នរយៈពេលមួយឆ្នាំ បន្ទាប់ពីលោកស្រី អោង សាន ស៊ូជី ត្រូវបានចាប់ ឃុំខ្លួននៅក្នុងផ្ទះ។
យោធាមីយ៉ាន់ម៉ាតាមរយៈប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួន បានប្រកាសថា អនុប្រធានាធិបតី U Myint Swe ដែលត្រូវបានជ្រើសតាំងដោយយោធា នឹងឡើងកាន់តំណែងជាប្រធានាធិបតីបណ្ដោះអាសន្ន៕