ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសទុកមុនថាពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឆ្នាំនេះនឹងប្រព្រឹត្តទៅជាធម្មតាមិនលុបចោលដូចឆ្នាំមុននោះទេព្រោះកម្ពុជាគ្រប់គ្រងសភាពការណ៍និងទប់ស្កាត់ជំងឺកូវីដ១៩បានល្អប្រសើរ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង និងសម្ពោធរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមន ដែលប្រព្រឹត្តទៅនៅខណ្ឌ ជ្រោយចង្វារាជធានីភ្នំពេញនៅថ្ងៃទី១ខែកុម្ភៈឆ្នាំ២០២១យ៉ាងដូច្នេះថា«ឆ្នាំនេះច្បាស់ណាស់ថាខ្ញុំគ្មានគម្រោងនឹងលុបចោលពិធីចូលឆ្នាំខ្មែរដូចឆ្នាំទៅទាំងក្នុងសភាពការណ៍មិនច្បាស់លាស់នោះទេ»។
ជាមួយគ្នានោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានពន្យល់ពីមូលហេតុដែលធ្វើឲ្យសម្ដេចលុបចោលពិធីបុណ្យចូលឆ្នាំខ្មែរកាលពីឆ្នាំមុនព្រោះមានពលករមក១២ម៉ឺននាក់មកពីប្រទេសថៃសម្រុកចូលមកកម្ពុជាភ្លាមៗដែលចំណុចនេះបានធ្វើឲ្យមិនដឹងថាអ្នកមានជំងឺកូវីដ១៩ ឬអត់ បូកទាំងអ្នកចេញពីភ្នំពេញទៀត។
សម្តេចតេជោ បានគូសបញ្ជាក់ថា «ចូលឆ្នាំនៅតែចូល ប៉ុន្តែយើងរក្សាគម្លាតទៅ! រាំងក៏រាំទៅ តែរាំងឲ្យឆ្ងាយ ឥឡូវរាំក្បាច់ស្លួ ប្រហែលជាបង់បោះចោលហើយលើពិភពលោកនេះ»។
ជាមួយគ្នានោះដែរសម្តេចក៏បានលើកឡើងថាការរៀបចំពិធីអាពាហ៍ពិពាហ៍ក៏រៀបចំចុះប៉ុន្តែត្រូវរក្សាគម្លាតដោយក្នុងមួយតុធ្លាប់ដាក់គ្នា១០នាក់ ទុកតែ៥នាក់បានហើយដើម្បីរក្សាគម្លាត។
សម្តេចបន្តថាការចូលរួមរបស់ប្រជាពលរដ្ឋមានតម្លៃខ្លាំងណាស់ក្នុងការចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ ដែលចំណុចនេះស្ថិតក្នុងអភិបាលកិច្ចទាំងអស់ ហើយមិនប្រាកដថាប្រទេសអ្នកមានមិ នស្លាប់មនុស្សនោះទេ ផ្ទុយទៅវិញប្រទេសអ្នកមានស្លាប់មនុស្សច្រើនជាងគេទៅវិញ៕