ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានស្នើឱ្យប្រជាពលរដ្ឋនិងស្ថាប័នរដ្ឋ ប្រើប្រាស់ទឹកនិងអគ្គិសនីដោយសន្សំសំចៃ ដើម្បីរួមចំណែក កាត់បន្ថយការចំណាយថវិកាជាតិដ៏ច្រើន។
ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង និងប្រកាសសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមន នាព្រឹកថ្ងៃទី០១ ខែកុម្ភៈ នៅខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា ការប្រើទឹកនៅក្នុងរាជធានីភ្នំពេញ មានការខ្វះខាត ដោយសារតែកំណើននៃការរស់នៅក្នុង រាជធានីភ្នំពេញមានការកើនឡើងយ៉ាងគំហុក ដែលធ្វើឱ្យការផ្គត់ផ្គង់ មិនគ្រប់គ្រាន់តាមតម្រូវការ។
សម្តេចតេជោបន្តថា ទាក់ទិននឹងការខ្វះខាតក្នុងការប្រើប្រាស់នេះ ប្រជាពលរដ្ឋ វិស័យឯក ជាពិសេសស្ថាប័នរដ្ឋ គួរគប្បីប្រើប្រាស់ទឹកដោយសន្សំសំចៃ ដើម្បីធានាក្នុងការប្រើប្រាស់ទឹកឱ្យបានគ្រប់គ្រាន់ និងចំណេញ នូវថវិកាក្នុងការបង់ថ្លៃប្រើប្រាស់ផងដែរ។
សម្តេចតេជោនាយករដ្ឋមន្រ្តីបញ្ជាក់ថា ចំពោះបញ្ហាថាមពលអគ្គិសនីវិញទំាងប្រជាពលរដ្ឋ និង ស្ថាប័នរដ្ឋ ក៏គម្បីប្រើប្រាស់ ដោយសន្សំសំចៃដែរ ដោយមិនត្រឹមតែធានាសន្តិសុខថាមពលប៉ុណ្ណោះទេ ថែមទាំងកាត់បន្ថយការចំណាយទៀតផង។
សម្ដេចតេជោថ្លែងបញ្ជាក់ថា«យើងគប្បីសន្សំសំចៃទៅលើបញ្ហាការប្រើប្រាស់ទាំងអគ្គិសនីក្តីទាំងទឹកក្តី កុំខ្ជះខ្ចាយ មិនថាគ្រួសារទេ ជាពិសេស ស្ថាប័នរដ្ឋ ត្រូវតែប្រយ័ត្នប្រយែងក្នុងការប្រើប្រាស់អគ្គិសនី។ឥឡូវក្រសួងមួយចំនួនដូចជាក្រសួងបរិស្ថាន ក្រសួង សាធារណការ ហើយប្រហែលជាក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា វិទ្យាសាស្រ្តនិងនវានុវត្តន៍ ដែលកំពុងសាងសង់ ក៏ប្រហែល ជាប្រើសូឡាដែរ ដើម្បីកាត់បន្ថយការប្រើប្រាស់ភ្លើង ប៉ុន្តែដើម្បីកាត់បន្ថយការប្រើប្រាស់ភ្លើងបានសំខាន់បំផុតគឺ កុំបើកម៉ាស៊ីន ត្រជាក់ឱ្យវាត្រជាក់ពេក ហើយឥឡូវកូវីដវានៅតែកន្លែងត្រជាក់ផងសូមប្រយ័ត្ន ហើយពេលចេញពីធ្វើការបិទម៉ាស៊ីនត្រជាក់បិទភ្លើង »។
សូមបញ្ជាក់ថា ចំពោះតម្លៃទឹកក្នុងការប្រើប្រាស់វិញ សម្រាប់អនុគ្រោះដល់អ្នកក្រ ដែលមិនប្រើលើសពី៧ម៉ែត្រគូបក្នុងមួយខែ តម្លៃ៤០០រៀល,ប្រើពី៨ម៉ែត្រគូបដល់១៥ម៉ែត្រគូបតម្លៃ ៧២០ រៀល, ប្រើពី១៦ម៉ែត្រគូបដល់២៥ម៉ែត្រគូប តម្លៃ៩៦០រៀល, ប្រើពី២៦ម៉ែត្រគូបដល់៥០ម៉ែត្រគូប តម្លៃ១២០០រៀល, ប្រើពី៥១ម៉ែត្រគូបដល់១០០ម៉ែត្រគូប តម្លៃ១៩០០រៀល , លើសពី១០១ម៉ែត្រគូបគឺតម្លៃ២២០០រៀល។
ដោយឡែកចំពោះអតិថិជនជាអាជីវកម្មវិញ ប្រើមិនលើស១៥ម៉ែត្រគូប តម្លៃ៩៥០រៀល, ១៦ម៉ែត្រគូបដល់៤៥ម៉ែត្រគូប តម្លៃ១១០០រៀល, ៤៧ម៉ែត្រគូបដល់១០០ម៉ែត្រគូប តម្លៃ១៤០០រៀល, ១០១ម៉ែត្រគូបដល់២០០ម៉ែត្រគូប តម្លៃ១៧០០រៀល, ២០១ម៉ែត្រគូបដល់៥០០ម៉ែត្រគូប តម្លៃ២១០០រៀល និងចាប់ពី៥០១ម៉ែត្រគូបដល់២៤០០ម៉ែត្រគូប តម្លៃ២៤០០រៀល។ ចំណែកឯអតិថិជនជាក្រសួង ស្ថាប័ន អង្គភាពនានា និងស្ថានទូត មិនកំណត់បរិមាណគឺតម្លៃ ២៥០០រៀល តម្លៃថ្លៃជាងគេ ព្រោះក្រសួងនានាយកលុយរដ្ឋហើយបង់ឱ្យរដ្ឋវិញ ដូច្នេះរាងថ្លៃបន្តិច៕