ភ្នំពេញ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តអនុវត្តការពារការចម្លងវីរុសកូវីដ-១៩ ដោយបង្កើនប្រុងប្រយ័ត្នខ្ពស់ ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ និងពិធីសែនដូនតានានា នាពេលខាងមុខនេះ។
យោងតាមសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ លោក ម៉ម ប៊ុនហេង បានឲ្យដឹងថា ស្ថានភាពនៃការចម្លងវីរុសកូវីដ-១៩ នៅលើបណ្តាប្រទេសលើសកលលោក និងនៅក្នុងតំបន់ មិនទាន់មានការធូរ ស្បើយនៅឡើយទេ ហើយកំណើននៃការចម្លងវីរុសកូវីដ-១៩ និងការស្លាប់ដោយសារ ជំងឺនេះនៅតែបន្តមានខ្ពស់ នៅឡើយ។
លោកបន្ដថា ទោះបីជាប្រទេសកម្ពុជា បាននិងកំពុងខិតខំទប់ស្កាត់កុំឲ្យមានការ ចម្លងវីរុសកូវីដ-១៩ នៅក្នុងសហគមន៍ យ៉ាងមានប្រសិទ្ធភាពល្អហើយក៏ដោយ ក៏ជំងឺដ៏កាចសាហាវនេះ នៅតែជាការគំរាមកំហែងសុខភាពសាធារណៈហើយលទ្ធភាពនៃការចម្លងវីរុសនេះនៅក្នុងប្រទេសក៏នៅខ្ពស់នៅឡើយ ដោយសារប្រទេសជិតខាងមានប្រទេសថៃ និងប្រទេសវៀតណាម កំពុងមានការផ្ទុះឡើង ការចម្លងវីរុសកូវីដ-១៩ ជាថ្មីទៀតនៅក្នុងសហគមន៍។
លោកបញ្ជាក់យ៉ាងដូច្នេះថា «អាស្រ័យហេតុនេះ ក្រសួងសុខាភិបាល សូមអំពាវនាវ និងក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំង អស់បន្តអនុវត្តការការពារការចម្លងវីរុសកូវីដ-១៩ ដោយបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងអំឡុងពិធីបុណ្យចូល ឆ្នាំប្រពៃណីជាតិខ្មែរ និងពិធីសែនព្រេននានា នាពេលខាងមុខនេះ»។
ជាងនេះទៅទៀត រដ្ឋមន្ដ្រីសុខាភិបាល ក៏បានណែនាំឲ្យ អាជ្ញាធររាជធានី-ខេត្ត គណៈបញ្ជាការ ឯកភាពឃុំ /សង្កាត់ /ខណ្ឌ ជាពិសេស ខេត្តជាប់ព្រំប្រទល់ ត្រូវ យកចិត្តទុកដាក់គ្រប់គ្រងចរាចរណ៍ពលករ ឬ អ្នកដំណើរ និងការធ្វើចត្តាឡីស័ករបស់អ្នកដំណើរ ឲ្យបានហ្មត់ចត់បំផុតតាមការណែនាំរបស់ក្រសួង សុខាភិបាល ដើម្បីទប់ស្កាត់ឲ្យបាននូវការចម្លងវីរុសកូវីដ -១៩ចូលមកកម្ពុជា៕