ភ្នំពេញ៖ នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា តំណក់ប្រេងលើកដំបូងរបស់កម្ពុជានាពេលនេះមិនទាន់ជះឥទ្ធិពលមកលើសេដ្ឋកិច្ចជាតិឡើយ ប៉ុន្ដែជាដំណើរការដ៏ល្អសម្រាប់កម្ពុជា ហើយក្នុងរយៈពេល ៣៣មកថ្ងៃមកនេះ ផលិតប្រេងបានចំនួន៤០៧៨៨បារ៉ែល។
សូមជម្រាបថា កាលពីខែធ្នូ ឆ្នាំ២០២០ កម្ពុជាទទួលបានតំណក់ប្រេងលើកដំបូង ស្របពេលថ្ងៃខួបអនុស្សាវរីយ៍លើកទី ២២ នៃការអនុវត្តដោយជោគជ័យនយោបាយ ឈ្នះ-ឈ្នះ របស់សម្ដេចតេជោ ដែលបាននាំមកនូសន្ដិភាពពេញបរិបូរណ៍ និងឯកភាពជាតិដ៏ពេញលេញ។
ក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង និងសម្ពោធរោងចក្រប្រព្រឹត្តកម្ម ទឹកស្អាតចំការមន ដែលប្រព្រឹត្តទៅ នៅខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ នាថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «អណ្ដូងប្រេងទីមួយរបស់យើងដំណើរការបាន រយៈពេល៣៣ថ្ងៃ។ អណ្ដូងទីពីររបស់ យើងទើបហ្នឹងដំណើរការ ។អណ្ដូងទីមួយរបស់យើងគឺផលិតបាន ១២៣៦បារ៉ែល ក្នុងមួយថ្ងៃ ក្នុងរយៈពេល៣៣ថ្ងៃផ លិតបាន អណ្ដូងទីមួយនេះ មានចំនួន៤០៧៨៨បារ៉ែល»។
សម្ដេចតេជោ បន្ដថា «សរុបមកយើងទើបនឹងមានប្រេងបានតែ ៤១០៥៦បារ៉ែលទេ។នៅសល់អណ្ដូងទីបី ទីបួន និងទី ប្រាំ នឹងបន្ដដំណើរការបូមជាបន្ដបន្ទាប់ នៅក្នុងឆ្នាំ២០២១នេះ។ តាមការប៉ានប្រមាណ យើងនឹងទទួលបានក្នុងមួយថ្ងៃ ក្នុងបរិមាណ ៧០០០ ទៅ៧៥០០បារ៉ែលតែប៉ុណ្ណោះ គឺជាទំហំតូចណាស់វាមិនទាន់ជះឥទ្ធិពលទៅលើផ្នែកសេដ្ឋកិច្ចទេ។ប៉ុន្ដែយ៉ាងណាក៏ដោយវាជាចាប់ផ្ដើមដ៏ល្អ នៃដំណើរការឧស្សាហកម្មប្រេង និងឧស្ម័ននៅកម្ពុជា»។
សម្ដេចតេជោបញ្ជាក់ថា ប្រទេសដែលផលិតប្រេងច្រើន មិនមែនពឹងផ្អែកទៅប្រេងតែមួយមុខឡើយ។ សម្ដេចថា អាមេរិក ផលិតប្រេងច្រើនជាងគេតែអាមេរិក ធ្វើឧស្សាហកម្ម កសិកម្ម សេវាកម្ម ជាដើម។
សម្ដេចថា នៅកម្ពុជាវិញ វាជាដំណើរការដ៏ល្អសម្រាប់កម្ពុជា ដែលមានតំណក់ប្រេងបែបនេះ។
សម្ដេចថា ប្រជាពលរដ្ឋខ្មែរមួយចំនួនគិតថា «ស្រួលហើយមានប្រេងប្រើខ្លួនឯង» សម្ដេច ឆ្លើយវិញថា ប្រទេសផលិតប្រេង ក៏លក់ប្រេងឲ្យប្រជាពលរដ្ឋខ្លួនឯងដែរ ហើយក៏ប្រឆាំងនឹងតម្លៃប្រេងផងដែរ។
សម្ដេចតេជោ បន្ថែមថា «ប៉ុន្មានថ្ងៃនេះមានការសរសេរអត្ថបទថា ប្រេងនៅកម្ពុជាអាចជះឥទ្ធិពលដល់សេដ្ឋកិច្ចកម្ពុជា ទេ មិនទាន់ទេ ព្រោះតាមការព្យាករណ៍ តាមការវាយតម្លៃរបស់ឯឧត្តម ស៊ុយ សែម បើថា ស្ថិតនៅក្នុងរង្វង់ប្រេង ១១បា រ៉ែល ៥៥ដុល្លារអាមេរិក ចំណូលរបស់យើងក្នុងមួយឆ្នាំប្រមាណមិនដល់៣០លានដុល្លារទេ។ អីចឹងវាមិនបានស្មើជាមួយ នឹងចំណូលមិនមែនសារពើពន្ធ ចំពោះទិដ្ឋាការនៃភ្ញៀវទេសចរ១លាននាក់ផង។ ដូច្នេះមិនទាន់ពឹងផ្អែកទៅលើ បញ្ហាប្រេងបានទេ»។
ជាងនេះទៅទៀត នាយករដ្ឋមន្ដ្រី ក៏បានបញ្ជាក់បន្ថែមថា កម្ពុជានឹងបន្ដធ្វើការងារជាមួយ ក្រុមអ្នកវិនិយោគដទៃទៀត ដើម្បីធ្វើការវិនិយោគប្រេងនៅកម្ពុជា។
សម្ដេចថា នាពេលកន្លងមកមានក្រុមហ៊ុនមកវិនិយោគកែច្នៃប្រេងនៅកម្ពុជា ប៉ុន្ដែក្រោយមកទៀត មិនទទួលបានជោគជ័យឡើយ ដោយសារប្រេងឆៅរបស់កម្ពុជា មិនគ្រប់គ្រាន់សម្រាប់ផលិត ប្រេង។
សម្ដេចតេជោ រំពឹងថា ២០២១ សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន៤% ឡើងវិញ ប៉ុន្ដែកម្ពុជាត្រូវប្រឹងប្រែងបន្ថែមទៀតដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩៕