មេប៉ូលិសដាក់ចេញវិធានការពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់សង្គមក្នុងឱកាស បុណ្យចូលឆ្នាំចិន

0
11

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានធ្វើការណែនាំដល់ស្នងការនគរបាលរាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់ពង្រឹងវិធានការ ក្នុងការធានាស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ប្រជាជន ចិន និងវៀតណាម ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១១-១៣ ខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខនេះ។

យោងតាមសេចក្ដីណែនាំរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ នាយឧត្តមសេនីយ៍ នេត សាវឿន បានឲ្យដឹងថា ដើម្បីធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម និងរួមចំណែកក្នុងការថែរក្សា នូវសុខភាពសាធារណៈឲ្យបានល្អប្រសើរជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ប្រជាជន ចិន និងវៀតណាម ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១១-១៣ កុម្ភៈ ខាងមុខនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ ធ្វើការណែនាំដល់ប្រធាននាយកដ្ឋានកណ្តាល ប្រធាននាយកដ្ឋាន -អង្គភាព និងស្នងការដ្ឋាន នគរបាលរាជធានី-ខេត្ត ត្រូវប្រមូលផ្ដុំយកចិត្តទុកដាក់ពង្រឹងវិធានការក្នុងការធានាស្ថិរភាព សន្តិសុខ សណ្តាប់ ធ្នាប់សង្គម ដោយត្រូវផ្តោតលើការងារមួយចំនួន ដូចខាងក្រោម៖

ទី១-យកចិត្តទុកដាក់ក្តាប់ និងប្រមូលព័ត៌មានពាក់ព័ន្ធសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ ពិសេសឧបាយកល សកម្មភាពបង្កអសន្តិសុខ ឬការញុះញង់នានា ដើម្បីមានវិធានការបង្ការ ទប់ ស្កាត់ បំបាត់ប្រសិទ្ធភាព និងបង្ក្រាបបានទាន់ពេលវេលា។

ទី២-ចាត់វិធានការការពារសន្តិសុខ សណ្តាប់ធ្នាប់នៅតាមទីអារ៉ាម ព្រះវិហារចិន វៀតណាម ក៏ដូចជា ទីសក្ការៈ និងរមណីយដ្ឋាននានា ដោយយកចិត្តទុកដាក់បង្ការ ទប់ស្កាត់មិនឲ្យកើតមានបទល្មើសព្រហ្មទណ្ឌ គ្រប់ប្រភេទ ជាពិសេសសកម្មភាពបង្កអុកឡុកដោយក្មេងទំនើង និងត្រូវរៀបចំសណ្តាប់ធ្នាប់ឲ្យមានរបៀប រៀបរយល្អប្រសើរ។

ទី៣-យកចិត្តទុកដាក់រៀបចំសណ្តាប់ធ្នាប់ និងលំហូរចរាចរណ៍ ដោយត្រូវបង្កើនការរឹតបន្ដឹងការ អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក សំដៅកាត់បន្ថយការកកស្ទះ ក៏ដូចជាហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ព្រម ទាំងបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ និងមានសុវត្ថិភាព។

ទី៤-ត្រូវសហការជាមួយអាជ្ញាធរដែនដីគ្រប់ថ្នាក់ រំលឹកដាស់តឿនប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នចំពោះអគ្គិភ័យ ជាពិសេសភ្លើងទៀនធូបពេលសែនព្រេន ភ្លើងចង្ក្រាន ចរន្តអគ្គិសនី គ្រឿងឆេះផ្សេងៗ ព្រមទាំងហាមឃាត់ដាច់ខាតការដុតផាវ ដុតកាំជ្រួចដែលអាចបង្កឲ្យមានអគ្គិភ័យ ឬបង្កសម្លេងផ្ទុះ សម្លេង រំខានផ្សេងៗ ធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍របស់ប្រជាពលរដ្ឋ។

ទី៥-បន្តពង្រឹងកិច្ចសហការជាមួយស្ថាប័ន អង្គភាពពាក់ព័ន្ធ ជាពិសេសជាមួយគណៈកម្មការប្រយុទ្ធប្រឆាំងជម្ងឺកូដ-១៩ គ្រប់ថ្នាក់ បង្កើនសកម្មភាពផ្សព្វផ្សាយអប់រំអំពីវិធានសុខាភិបាលនៅតាមគោលដៅ ដែលមានការប្រមូលផ្តុំប្រជាពលរដ្ឋ ព្រមទាំងត្រៀមកម្លាំង មធ្យោបាយ សម្ភារ ដើម្បីបង្ការ ទប់ស្កាត់ និង សង្គ្រោះបានទាន់ពេលវេលា។

ទី៦-ត្រូវពង្រឹងបន្ថែមការងារប្រចាំបញ្ជាគ្រប់ថ្នាក់ និងការងារផ្តល់ព័ត៌មានឲ្យបានឆាប់រហ័ស ដើម្បី ដោះស្រាយសភាពការណ៍ដែលអាចកើតឡើងជាយថាហេតុ ព្រមទាំងបង្កើនការល្បាត យាមកាមនៅតាមភូមិ ឃុំ-សង្កាត់ ក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន ដើម្បីការពារផ្ទះសម្បែង ទ្រព្យសម្បត្តិប្រជាពលរដ្ឋដែល ចាកចេញពីលំនៅដ្ឋាន ទៅសួរសុខទុក្ខសាច់ញាតិបងប្អូន ឬធ្វើដំណើរកំសាន្តសប្បាយទៅតាមតំបន់រមណីយ ដ្ឋាននានា។

និងទី៧-ត្រូវបូកសរុបសភាពការណ៍ និងលទ្ធផលនៃការអនុវត្តន៍វិធានការការពារសន្តិសុខ សណ្តាប់ ធ្នាប់ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ប្រជាជនចិន និងវៀតណាម ផ្ញើមកសេនាធិការដ្ឋាន នៅថ្ងៃ ទី ១៤ ខែកុម្ភៈ ឆ្នាំ២០២១ ជាកំណត់៕

LEAVE A REPLY

Please enter your comment!
Please enter your name here