សម្ដេច ស ខេង បញ្ជាឲ្យលុបបំបាត់រឿងឡានទឹក ទៅដល់កន្លែងឆេះមិនព្រមបាញ់ពន្លត់ បែរជានៅតថ្លៃជាមួយម្ចាស់ផ្ទះ

0
18

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្នើឲ្យគណ:បញ្ជាការរាជធានី-ខេត្តទាំងអស់ យកចិត្តទុកដាក់ លុបបំបាត់ករណីមន្ត្រីពន្លត់អគ្គិភ័យមួយចំនួន ដែលទៅដល់កន្លែងមានភ្លើងឆេះ ហើយមិនពញរមបាញ់ពន្លត់អគ្គិភ័យ បែរជានៅតថ្លៃជាមួយជាមួយម្ចាស់ផ្ទះទៅវិញ។

ក្នុងឱកាសអញ្ជើញប្រារព្ធទិវាអន្តរជាតិ រំលឹកដល់ជនរងគ្រោះដោយ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៥ នៅខេត្តកណ្ដាល នាព្រឹកថ្ងៃទី២ កុម្ភ: បានបញ្ជាក់ថា «ឡានទៅដល់ហើយបញ្ឈរច្រូង នៅកន្លែងកើតហេតុហ្នឹងតែអត់ទាន់បាញ់ទេ។ មានភ្លើងផ្លឹបផ្លេតនៅហ្នឹង ឡានព្រោងព្រាត អត់ទាន់បាញ់នៅតថ្លៃគ្នាសិន។ ឃើញទេ អានេះដែលចង់និយាយថា សមត្ថកិច្ចយើងខុសហើយ ប្រតិបត្តិករយើងខុសហើយ មិនត្រូវទេ។ អ៊ីចឹងហើយបានថាគ្រប់កន្លែង ជាពិសេសទីប្រជុំជនទីក្រុង គឺត្រូវមើលអាហ្នឹង។ មានឡាន ឡានរបស់រដ្ឋ ប្រេងរបស់រដ្ឋ លោកស៊ីប្រាក់ខែរដ្ឋ ការពិតហើយជួនគ្នាប្រាក់ខែតិចតួច យើងយល់បញ្ហាហ្នឹង យើងត្រូវមានគោលនយោបាយលើកទឹកចិត្ត។ ប៉ុន្តែបងប្អូនមិនត្រូវបំពេញបេសកកម្ម ដោយយកអាហ្នឹងធ្វើអាជីវកម្មផ្ទាល់ខ្លួនទេ អាហ្នឹងវាអត់ត្រូវទេ ខុស។ សូមឱ្យគណ:បញ្ជាការរាជធានី-ខេត្តទាំងអស់យកចិត្តទុកដាក់ ដើម្បីត្រួតពិនិត្យបញ្ហាហ្នឹង ដោះស្រាយបញ្ហាហ្នឹងកុំឱ្យវាមាន»។

សម្តេច បន្ថែមថា សុខចិត្តយើងថែមជាប្រាក់ឧបត្ថម្ភ ឬប្រាក់លើកទឹកចិត្ត ក្នុងករណីមួយៗទៅវិញ កុំទៅតថ្លៃមិនល្អទេ ។ សម្ដេចថា តថ្លៃយ៉ាងម៉េច បើគ្នាកំពុងរងគ្រោះ ត្រូវភ្លើងឆេះផ្ទះ បែរជាទៅតថ្លៃប៉ុណ្ណេះប៉ុណ្ណោះ បានបាញ់ឱ្យ បើធ្វើបែបហ្នឹងងាប់គ្នាហើយ បានលុយពីណាឱ្យ បើលុយវានៅក្នុងភ្លើង។

សូមរំលឹកថា ក្នុងឆ្នាំ២០២០ គ្រោះអគ្គិភ័យបានកើតឡើងប្រមាណ ៩៣៧ករណី កើនឡើង ២២០ករណី បើធៀបនឹងឆ្នាំ២០១៩ បណ្ដាលឱ្យមនុស្ស ២៤នាក់ស្លាប់ និង ៣៦នាក់ទៀតរងរបួស។ ផ្ទះចំនួន ៧០៧ខ្នង និងតូបលក់ដូរចំនួន ៥៩៤ខ្នង ព្រមទាំងទ្រព្យសម្បត្តិជាច្រើនទៀត បានរងការឆេះខូចខាត៕

LEAVE A REPLY

Please enter your comment!
Please enter your name here