ភ្នំពេញ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការចរាចរណ៍គ្រឿងញៀននៅកម្ពុជានាពេលបច្ចុប្បន្ន ដែលកំពុងរីកសាយភាយដល់ទីជនបទ។ ជាមួយគ្នានោះសម្ដេចបានលើកឡើងថា បើមិនស្រុះដៃគ្នាបង្រ្កាបទេគ្រឿងញៀន នឹងត្រួតត្រាកម្ពុជា នៅថ្ងៃណាមួយ មិនខានឡើយ។
ក្នុងពិធីទិវាអន្ដរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៥ ដែលប្រារព្ធធ្វើនៅសួនច្បារមាត់ទន្លេ ក្រុងតាខ្មៅ ខេត្តកណ្តាល នាថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ សម្ដេចក្រឡាហោម ស ខេងបញ្ជាក់ថា «ការបារម្ភ ការទស្សន៍ទាយរបស់ខ្ញុំមិនសូវខុសប៉ុន្មានទេ មានការបារម្ភអំពីគ្រឿងញៀន ដែលរាលដាលដល់ទីជនបទ។ ឥឡូវហ្នឹងគឺថាមួយថ្ងៃយ៉ាងតិចណាស់៦ខេត្ត ទៅ១០ខេត្ត មានមួយពីរករណី។ រឿងនេះបើយើងមិនស្រុះគ្នាដើម្បីធ្វើទេ គ្រឿងញៀនវាត្រួតត្រាយើងថ្ងៃណាមួយ»។
លោក មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន បានថ្លែងថា កាលពីឆ្នាំ២០២០ សមត្ថកិច្ចធ្វើការបង្ក្រាប និងរឹបអូសគ្រឿងញៀន បានជិត ៤ពាន់គីឡូក្រាមព្រមទាំងឃាត់ខ្លួន ជនសង្ស័យជាច្រើននាក់៕