ភ្នំពេញ៖ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថាបច្ចុប្បន្ន ពលករកម្ពុជា ដែលកំពុងបម្រើការងារនៅសាធារណរដ្ឋកូរ៉េ មានជាង៤ម៉ឺននាក់ ក្នុងនោះស្រីជាង១ម៉ឺននាក់។ដោយឡែកចាប់ពីឆ្នាំ ២០០៧មកដល់បច្ចុប្បន្នកម្ពុជាបានបញ្ជូនពលករជិត៧ម៉ឺននាក់ទៅធ្វើការនៅកូរ៉េក្នុងវិស័យឧស្សាហកម្ម កសិកម្ម និងសំណង់។
យោងតាមហ្វេសប៊ុកផេក របស់លោក អុិត សំហេង រដ្ឋមន្រ្តីក្រសួងការងារនិងនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានឲ្យដឹងថាការឲ្យដឹងបែបនេះធ្វើឡើនៅ ក្នុងឱកាស ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការងារ និងមុខរបរ នៃសាធារណរដ្ឋកូរ៉េ បានចុះហត្ថលេខា បន្តអនុស្សរណយោគយល់គ្នា ស្តីពី ការបញ្ជូនពលករទៅបម្រើការងារនៅសាធារណរដ្ឋកូរ៉េ ក្រោមប្រព័ន្ធអនុញ្ញាតមុខរបរ (EPS) លើកទី៦។
សូមបញ្ជាក់ការបញ្ជូនពលករកម្ពុជាទៅបម្រើការងារនៅសាធារណរដ្ឋកូរ៉េក្រោមប្រព័ន្ធអនុញ្ញាតមុខរបរ (EPS) បានចុះអនុស្សរណៈនៃការយោគយល់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្ដម Roh Moo-Hyun អតីតប្រធានាធិបតីនៃសាធាណរដ្ឋកូរ៉េ នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០០៦ ដែលមាន គណៈកម្មាធិការបណ្តុះបណ្តាលនិងបញ្ជូនពលករទៅបរទេស នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈនៃព្រះរាជាណាចក្រកម្ពុជា និងអង្គភាពអភិវឌ្ឍន៍ធនធានមនុស្សនៃក្រសួងមុខរបរនិងការងារនៃសាធារណរដ្ឋកូរ៉េ ជាប្រតិបត្តិករ។
ក្រសួងបញ្ជាក់ថា «គិតចាប់ពីឆ្នាំ២០០៧មក កម្ពុជាបានបញ្ជូនពលករសរុបចំនួន ៦៨ ២៩៤នាក់ (ស្រី ១៤ ២៥៥នាក់) ក្នុងវិស័យឧស្សាហកម្ម កសិកម្ម និងសំណង់ ដែលអាណត្តិការងារមានរយៈពេល ៤ឆ្នាំ ១០ខែ។ បច្ចុប្បន្ន ពលករកម្ពុជា ដែលកំពុងបម្រើការងារនៅសាធារណរដ្ឋកូរ៉េ មានចំនួនប្រមាណ ៤៥ ៤៦២នាក់ (ស្រី ១០ ១៨៣នាក់)»។
ក្រសួងបញ្ជាក់បន្ថែមថា តាំងពីចាប់ផ្តើមនៃការបញ្ជូនមក កម្ពុជាតែងតែជាប់ចំណាប់ថ្នាក់ល្អ ជាប្រទេសបញ្ជូន និងតាមរយៈការពិភាក្សារវាងភាគីកម្ពុជា-កូរ៉េ បន្ទាប់ពីស្ថានភាពកូវីដ ១៩នៅសាធារណរដ្ឋកូរ៉េ មានភាពធូរស្រាល ដែលអាចទទួលយកកម្លាំង ពលកម្មបរទេស បានកម្ពុជារំពឹងថានឹងក្លាយជា ប្រទេសអាទិភាពក្នុងការបញ្ជូន ដោយសារកម្ពុជា មានស្ថានភាពកូវីដ-១៩ល្អប្រសើរ, មានជើងហោះហើរច្រើន និងអត្រាពលករកម្ពុជា ខុសច្បាប់មានកំរិតទាប បើធៀបជាមួយប្រទេស បញ្ជូនផ្សេងទៀត៕