រកឃើញសត្វត្រយងចង្កំ.ក.ស ៥សំបុក ក្នុងដែនជម្រកសត្វព្រៃលំផាត់ ខេត្តរតនៈគិរី

0
7

ភ្នំពេញ៖ មន្រ្តីជំនាញបរិស្ថានបានរកឃើញ សត្វត្រយងចង្កំ.ក.ស ៥សំបុក កាលពីខែមករាកន្លងទៅ នៅក្នុងដែនជម្រកសត្វព្រៃ លំផាត់ខេត្តរតនៈគិរី ដែលជាប្រភេទសត្វជិតផុតពូជនៅប្រទេសកម្ពុជា។ នេះបើយោងតាមហ្វេសប៊ុក ក្រសួងបរិស្ថាន។

លោក ប៊ូ វរសក្ស នាយកកម្មវិធីអង្គការជីវិតស្វតស្លាបប្រចាំកម្ពុជាបានប្រាប់ឱ្យដឹងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ តាមការជំរឿន ទូទាំងប្រទេសឃើញថា សត្វត្រយងចង្កំ.ក.ស មានការធ្លាក់ចុះ ដោយឡែកនៅដែនជម្រកសត្វព្រៃលំផាត់ក៏មានការធ្លាក់ចុះ ផងដែរ។

លោកបានបញ្ជាក់ថា ក្រោមកិច្ចសហការរវាងមន្រ្តីជំនាញអង្គការជីវិតសត្វស្លាប សហការជាមួយមន្រ្តីឧទ្យានុរក្ស បានធ្វើការ អង្កេតតាមដានរកឃើញសំបុកសត្វត្រយងចង្កំ.ក.ស ៥សំបុក ក្នុងដែនជម្រកសត្វព្រៃលំផាត់ខេត្តរតនៈគិរី ដែលនេះជាសញ្ញា បញ្ជាក់ពីវត្តមានសត្វស្លាបដ៏កម្ររបស់កម្ពុជាមានឡើងវិញ។

លោកបញ្ជាក់ថា «មកដល់ពេលនេះយើងទើបតែបញ្ចប់ខែ១ យើងបានរកឃើញសំបុកចំនួន ៥សំបុកក្នុងនោះ១ សំបុកបានបរាជ័យ តាមការអង្កេតរបស់ពួកយើង ការបរាជ័យរបស់ពួកវាគឺ បណ្ដាលមកពីសត្វក្អែកនិងខ្លែង ចូលស៊ី មិនមែនដោយសារមនុស្សទេ ប៉ុន្តែកាលពីមុន ក៏មានការរំខានដោយមនុស្សដែរ មានអ្នកឡើងយកពងកូនរបស់វា រំខានដល់មេវា មួយទៀតគឺមានកាប់ដើមដែលមានសំបុកពងកូនឬក៏កាប់ក្បែរហ្នឹងធ្វើឱ្យសំបុកវាបរាជ័យ»។

លោកបន្ថែមថា ក្រោយពីបានរកឃើញ មន្រ្តីជំនាញអង្គការជីវិតសត្វស្លាប សហការជាមួយមន្រ្តីឧទ្យានុរក្ស តែងតែចុះ អង្កេតជាប្រចាំ ១សប្តាហ៍ម្តង និងធ្វើការអប់រំផ្សព្វផ្សាយដល់សហគមន៍ កុំឱ្យទៅរំខានដល់សត្វត្រយងចង្កំ.ក.ស និង សត្វ ផ្សេងៗទៀតដែលកំពុងទទួលរងគ្រោះថ្នាក់ជិតផុតពូជជាសកល។

លោកនាយកកម្មវិធីអង្គការជីវិតស្វតស្លាបប្រចាំកម្ពុជា បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្រ្តីពាក់ព័ន្ធ ចូលរួមការពារនិងអភិរក្សសត្វព្រៃរបស់យើងដែលជិតផុតពូជក្នុងដែនជម្រកសត្វព្រៃលំផាត់ ក៏ដូចជាតំបន់ការពារ និង អភិរក្សសត្វព្រៃដទៃទៀតឱ្យបានគង់វង្ស ជាពិសេស សត្វត្រយងយក្ស ដែលជានិមិត្តសញ្ញារបស់ជាតិយើង៕

LEAVE A REPLY

Please enter your comment!
Please enter your name here