ភ្នំពេញ៖ ដើម្បីទប់ស្កាត់ស្ថានភាព ការរីករាតត្បាតនៃជំងឺកូវីដ-១៩ រដ្ឋាភិបាលម៉ាឡេស៊ី បានសម្រេចបន្តសុពលភាពវិធានការ នៃការរឹតបន្ដឹងការធ្វើដំណើរ រហូតដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១។
យោងតាមសេចក្ដីជូនដំណឹង របស់ទូតកម្ពុជា ប្រចាំម៉ាឡេស៊ី នៅថ្ងៃទី៣ កុម្ភៈនេះ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ តួលេខអ្នកឆ្លងជំងឺកូវីដ-១៩ នៅប្រទេសម៉ាឡេស៊ី សរុបមានចំនួន ២២២,៦២៨នាក់ ក្នុងនោះជាសះស្បើយចំនួន ១៧៣,៩៩០នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យ ចំនួន ៤៧,៨៤៧នាក់ និងស្លាប់ចំនួន ៧៩១។
ជាថ្មីម្តងទៀត ដើម្បីសុវត្ថិភាព និងសុខភាព ស្ថានឯកអគ្គរាជទូត បានអំពាវនាវដល់បង ប្អូនប្រជាពលរដ្ឋកម្ពុជាទាំងអស់ ត្រូវថែរក្សាអនាម័យផ្ទាល់ខ្លួនឱ្យបានខ្ជាប់ខ្លួន ដោយត្រូវលាងដៃ នឹងសាប៊ូ ឬទឹកអាល់កុលអនាម័យឱ្យបានញឹកញាប់ ប្រសិនជាចាំបាច់ត្រូវចេញទៅទីសាធារណៈ ឬទីកន្លែងប្រជុំជន សូមបងប្អូនត្រូវពាក់ម៉ាស់ការពារជានិច្ច និងត្រូវរក្សាគម្លាតសុវត្ថិភាពយ៉ាងតិច ១ម៉ែត្រ និងមិនត្រូវធ្វើដំណើរទៅកាន់ ទីកន្លែងដែលអាជ្ញាធរម៉ាឡេស៊ី បានហាមឃាត់ដាច់ខាត៕