ភ្នំពេញ៖ ស្របពេលដែល បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម ជិតឈានចូលមកដល់ នៅថ្ងៃទី១១ ដល់១៤ ខែកុម្ភ: ឆ្នាំ២០២១ខាងមុខនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រកាសហាមមិនឲ្យមានការដុតផាវ កាំជ្រួច ឬបង្កសម្លេងផ្ទុះគ្រប់ប្រភេទ និងមិនឲ្យលេងល្បែងស៊ីសងគ្រប់ប្រភេទ។
យោងតាមសេចក្ដីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣ កុម្ភ:នេះ បានឲ្យដឹងថា ដើម្បីរក្សាបាននូវសន្ដិសុខ សុវត្ថិភាពសណ្ដាប់ធ្នាប់ និងរបៀបរៀបរយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំទៅមន្ទីរ អង្គភាពខណ្ឌ សង្កាត់ សមាគម ក្រុមហ៊ុនឯកជន អង្គការក្រៅរដ្ឋាភិបាល និងសាធារណជនក្នុងរាជធានីភ្នំពេញចំនួន ៧ចំណុចដូចខាងក្រោម៖
១.ហាមដាច់ខាត មិនឱ្យមានការដុតផាវ កាំជ្រួច ឬបង្កសម្លេងផ្ទុះគ្រប់ប្រភេទក្នុងឱកាសពិធីបុណ្យនេះ, មិនឱ្យលេងល្បែងគ្រប់ប្រភេទដែលមានលក្ខណ:ស៊ីសង, រាល់ការហែក្បួនផ្សេងៗទាំងបែបសាសនា ឬប្រពៃណីដែលគ្មានការអនុញ្ញាតត្រូវហាមឃាត់។
២.នៅគ្រប់ទីកន្លែងកម្សាន្តសប្បាយនានា ត្រូវអនុវត្តនូវវិធានសុខាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺ Covid-19 និងត្រូវរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណ: សេចក្តីថ្លៃថ្នូរ និងត្រូវប្រុងប្រយ័ត្ន ក្នុង ការអុជទៀនធូប ក្រដាសសែន ភ្លើងចង្ក្រាន ចរន្តអគ្គិសនី ដែលអាចបង្កឱ្យមានគ្រោះអគ្គីភ័យកើតឡើងជាយថាហេតុ។ ដោយឡែកការដុតក្រដាសសែនត្រូវប្រើធុងដែក ឬឆ្នាំងដី ដើម្បីដុតហាមដាច់ខាតមិន ឲ្យដុតលើចិញ្ចើមផ្លូវ ឬទ្រូងផ្លូវសាធារណ:។
៣.ចាប់ពីពេលនេះតទៅអាជ្ញាធរមានសមត្ថកិច្ចគ្រប់ថ្នាក់ត្រូវចាត់វិធានការឲ្យម៉ឺងម៉ាត់បំផុត កុំឲ្យមានការនាំចូលថាវ កាំជ្រួច ជាតិផ្ទុះគ្រប់ប្រភេទតាមច្រកចូលជធានីភ្នំពេញ និងត្រូវត្រួតពិនិត្យដកហូតវត្ថុ ទាំងនេះ ដែលមានតាំងលក់នៅគ្រប់ទីកន្លែងក្នុងរាជធានីភ្នំពេញ។
៤.គ្រប់អង្គភាព សាលាខណ្ឌ និងសង្កាត់ ត្រូវផ្សព្វផ្សាយណែនាំដល់មន្ត្រីរាជការ និយោជិត កងកម្លាំងក្រោមឱវាទ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យអនុវត្តតាមការណែនាំនេះឲ្យមានប្រសិទ្ធភាព។
៥.មន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញត្រូវអញ្ជើញបណ្តាសមាគមចិន និងវៀតណាម ដើម្បីផ្សព្វផ្សាយនូវខ្លឹមសារខាងលើឲ្យបានទូលំទូលាយ។
៦.ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងបញ្ជាការដ្ឋាន យោធភូមិភាគពិសេសត្រូវចេញបទបញ្ជាឲ្យបានម៉ឺងម៉ាត់ដល់កម្លាំងរបស់ខ្លួន ដើម្បីអនុវត្តឲ្យមានប្រសិទ្ធភាព។
៧.ជនណាបំពានលើសេចំក្តីណែនាំនេះ ឬប្រព្រឹត្តល្មើសបង្កឲ្យមានចលាចលក្នុងសង្គម បាត់សណ្តាប់ធ្នាប់ សន្តិសុខ សុវត្ថិភាព និងរបៀបរៀបរយសាធារណ:ត្រូវទទួលទោសតាមច្បាប់ជាធរមាន៕
