ភ្នំពេញ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមកុំដើរកំសាន្ដ នៅតាមទីតាំងដែលមានហានិភ័យខ្ពស់នៃការចម្លងជំងឺកូវីដ-១៩ ដូចជាតាមព្រំដែនមួយចំនួន រួមទាំងព្រំដែនប្រទេសវៀតណាម ដែលកំពុងតែផ្ទុះរាតត្បាតខ្លាំងនៃជំងឺកូវីដ-១៩នេះ។
ក្នុងឱកាសអញ្ជើញសំណេះសំណាល និងថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យជួរមុខទាំងអស់ ដែលបម្រើសេវាសុខភាពជូនពលរដ្ឋ នៅមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ លោក រដ្ឋមន្ដ្រីបញ្ជាក់ថា “នៅពេលចូលឆ្នាំចិន-វៀតណាមខាងមុខនេះ សូមប្រជាពលរដ្ឋនៅផ្ទះ ដោយកាត់បន្ថយ ឬកុំដើរលេង បើពុំចាំបាច់ ព្រោះនៅតាមបណ្ដាប្រទេសជិតខាងយើង កំពុងតែផ្ទុះរាតត្បាតនៃជំងឺកូវីដ-១៩ ដូចជាវៀតណាម ថៃ ជាដើម កុំឱ្យមានបញ្ហាចម្លងជំងឺចូលមក មិនមែនប្រកាន់ ឬហាមឃាត់រហូតដែលអ្វីនោះឡើយ តែដើម្បីការពារពលរដ្ឋយើង ពីជំងឺកូវីដដ៏សាហាវមួយនេះប៉ុណ្ណោះ”។
លោករដ្ឋមន្ដ្រី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ បន្ដការប្រុងប្រយ័ត្ន កុំធ្វេសប្រហែសឱ្យសោះ ត្រូវពាក់ម៉ាស អនាម័យដៃស្អាតជាមួយនិច្ច និងរក្សាគម្លាតបុគ្គល ឬសង្គម។ លើសពីនោះ អ្វីដែលជាការព្រួយបារម្ដនោះ បច្ចុប្បន្ននេះ មិនសូវពាក់ម៉ាសពេលជួបជុំគ្នាច្រើន ពិសេសការធ្វើពិធីជួបជុំគ្នាផឹកស៊ីជាដើម ដែលនេះជា ហានិភ័យខ្ពស់ ដែលពលរដ្ឋយើង ត្រូវស្វែងយល់។
លោកបានគូសបញ្ជាក់ថា «កន្លងមកនេះ យើងឃើញហើយថា ពលករខ្មែរយើងមកពីថៃ មានករណីវិជ្ជមានជំងឺកូវីដ១៩មួយចំនួន ហើយបច្ចុប្បន្ននេះ នៅវៀតណាម ក៏មានការរាតត្បាតទ្រុងទ្រាយធំជាបន្ដបន្ទាប់ទៀត នៅក្នុងខេត្ដមួយជាប់ព្រំដែនកម្ពុជាយើង ត្បិតណាស់នៅទីនោះ មិនមានពលករខ្មែរយើងធ្វើការនោះទេ ប៉ុន្ដែការមានការចេញចូលមុខជំនួញជាធម្មតា ដែលទាមទារឱ្យពលរដ្ឋយើងបន្ដប្រុងប្រយ័ត្ន»។
ទោះជាយ៉ាងណា ក្រសួង និងស្ថាប័នពាក់ព័ន្ធ បានរួមគ្នា និងត្រៀមលក្ខណៈជានិច្ច ពង្រឹងតាមដានតាមច្រកព្រំដែនកម្ពុជា-វៀតណាម មានខេត្ដរតនគិរី ដែលជាប់នឹងខេត្ដយ៉ាឡាយប្រទេសវៀតណាម និងទីតាំងមួយចំនួនផងដែរ៕