អ្នកជំងឺកូវីដ១៩ ចំនួន៤នាក់ទៀត បានជាសះស្បើយ ខណៈរកឃើញអ្នកឆ្លងថ្មីម្នាក់

0
8

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសបន្តព្យាបាលអ្នកជំងឺកូវីដ១៩ ជាសះស្បើយចំនួន ៤នាក់បន្ថែមទៀត និងរកឃើញអ្នកឆ្លងថ្មីម្នាក់ ជាអ្នកដំណើរមកពីក្រៅប្រទេស។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានឲ្យដឹងថា អ្នកដែលរកឃើញឆ្លងជំងឺកូវីដ១៩ ជាបុរសជនជាតិខ្មែរអាយុ ២៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ជាអ្នកធ្វើដំណើរ មកពីប្រទេសគុយវ៉ែត បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់បុរសរូបនេះ ផ្តល់ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៃក្រសួងសុខាភិបាល គឺវិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្នអ្នកជំងឺ ត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅមជ្ឈមណ្ឌលជាតិកំចាត់រោគ របេង និងហង់សិន រាជធានីភ្នំពេញ។

សូមរំលឹកថា គិតត្រឹមព្រឹកថ្ងៃទី៤ កុម្ភៈនេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៤៦៧នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤៥១នាក់ និងអ្នកកំពុងសម្រាកព្យាបាលចំនួន ១៦នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here