ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានឲ្យដឹងថា បានបញ្ជាក់ថា វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន៦០ម៉ឺនដូសជាជំនួយរបស់ចិន ក្នុងដំណាក់កាលទី១ នឹងត្រូវបានដឹកមកដល់ព្រះរាជាណាចក្រកម្ពុជានៅថ្ងៃអាទិត្យ ទី ៧ ខែកុម្ភៈ ឆ្នាំ ២០២១ខាងមុខនេះ។
តាមរយៈសារសម្លេងរបស់សម្ដេច ក្នុងតេឡេក្រាមនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ ២០២១នេះ បានឲ្យដឹងថា សម្ដេចនិងអញ្ជើញទៅទទួលវ៉ាក់សាំង នៅព្រលានយន្តហោះអន្តរជាតិពោធិចិនតុង។
ទន្ទឹមនេះ សម្តេចតេជោ ហ៊ុន សែន នឹងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩មុនគេ ដោយសម្តេចតេជោបានកំណត់យកថ្ងៃពុធ ទី១០ ខែកុម្ភៈ ឆ្នាំ ២០២១មុនចូលឆ្នាំចិននៅមន្ទីរពេទ្យកាល់ម៉ែត្រ ក្រៅពីនោះ នឹងមានមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាជាច្រើនទៀតក៏នឹងចាក់វ៉ាក់សាំងនេះផងដែរ។
សូមរំលឹកថា គិតត្រឹមព្រឹកថ្ងៃទី៤ កុម្ភ:នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៤៦៧នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤៥១នាក់ និងអ្នកកំពុងសម្រាកព្យាបាលចំនួន ១៦នាក់៕