វ៉ាក់សាំងកូវីដ១៩ ចំនួន៦០ម៉ឺនដូសជាជំនួយរបស់ចិន នឹងដឹកមកដល់កម្ពុជានៅល្ងាចថ្ងៃអាទិត្យ ទី៧កុម្ភៈ ខណៈសម្ដេចទៀ បាញ់ បានចាក់រួចហើយ

0
7

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានបញ្ជាក់ជាថ្មីម្ដងទៀតថា វ៉ាក់សាំងកូវីដ១៩ ចំនួន៦០ម៉ឺនដូសដែលជាជំនួយរបស់ចិនក្នុងដំណាក់កាលដំបូងនឹងដឹកមកដល់កម្ពុជានៅល្ងាច                  ថ្ងៃអាទិត្យទី៧កុម្ភ:២០២១ ខណ:សម្ដេចប្រកាសចាក់វ៉ាក់សាំងនេះមុនគេជាមួយមន្ត្រីជាន់ខ្ពស់ផ្សេងទៀត            នៅម៉ោង៨និង៣០នាទីថ្ងៃទី១០កុម្ភ:២០២១ លើកលែងតែ សម្ដេច ទៀ បាញ់ ប្រមុខការពារជាតិបានចាក់វ៉ាក់សាំងនេះរួចហើយ។

តាមរយ:គេហទំព័រហ្វេសប៊ុកនៅព្រឹកថ្ងៃទី៥ កុម្ភ:នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា”វ៉ាក់សាំងដែលជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិនតាមរយ:ក្រសួងការពារជាតិចិនមកកាន់ក្រសួងការពារជាតិកម្ពុជានឹងដឹកមកដល់កម្ពុជាចំនួន៦០ម៉ឺនដូសនៅល្ងាចថ្ងៃអាទិត្យទី៧កុម្ភ:២០២១ដែលជាដំណាក់កាលដំបូងនៃជំនួយចំនួន១លានដូស។

ម៉ោង៨និង៣០នាទីថ្ងៃទី១០កុម្ភ:២០២១ដំណើរការចាក់វ៉ាក់សាំងនឹងចាប់ផ្តើមជាផ្លូវការនៅមន្ទីរពេទ្យកាល់ម៉ែត្រដែលខ្លួនខ្ញុំនឹងទទួលមុនគេជាមួយមន្ត្រីជាន់ខ្ពស់ផ្សេងទៀត លើកលែងតែ សម្តេចពិជ័យសេនា ទៀ បាញ់ ដែលគាត់បានចាក់វ៉ាក់សាំងនេះរួចហើយ។ការចាក់វ៉ាក់សាំងនេះនឹងមានការផ្សាយផ្ទាល់និងបន្ទាប់ពីចាក់រួចខ្ញុំនឹងធ្វើសន្និសីទសារព័ត៌មាននៅមន្ទីរពេទ្យកាល់ម៉ែត្រតែម្តង”។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានអំពាវនាវ ដល់សហគមន៍អឺរ៉ុប ជួយផ្តល់ជំនួយវ៉ាក់សាំង ការពារជំងឺកូវីដ១៩ មកកម្ពុជា ខណ:កម្ពុជាកំពុងត្រៀម បញ្ជាទិញវ៉ាក់សាំងកូវីដ១៩ ពីប្រទេសអង់គ្លេស និងចិនបន្ថែមទៀត ។បូកសរុបទាំងការបញ្ជាទិញនិងជំនួយគិតមកដល់ពេលនេះកម្ពុជា មានវ៉ាក់សាំងកូវីដ១៩ចំនួន១១លានដូសហើយ។

សូមរំលឹថាក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៤កុម្ភ:បានប្រកាសអនុញ្ញាតឱ្យប្រើប្រាស់នូវវ៉ាក់សាំង Sinopharm COVID-19 ដែលផលិតដោយវិទ្យាស្ថាន Beijing Institute of Biological Products Co., Ltd នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងលក្ខខណ្ឌនៃការប្រើប្រាស់ជាបន្ទាន់ (Emergency Use Authorization) ដោយអនុវត្តតាមពិធីសារស្តីពីយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ របស់រាជរដ្ឋាភិបាល។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវិដ១៩ សរុបចំនួន ៤៧០នាក់ក្នុងនោះអ្នកជាសះស្បើយចំនួន៤៥២នាក់និងអ្នកជំងឺ១៨នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here