សម្តេច ស ខេង ស្នើឲ្យក្រសួងអប់រំ ធ្វើការអប់រំពីច្បាប់ចរាចរណ៍ផ្លូវគោក ដល់សិស្សចាប់ពីថ្នាក់មត្តេយ្យឡើងទៅ

0
9

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិកាជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ស្នើដល់ក្រសួងអប់រំ យុវជន និងកីឡា ពិនិត្យលទ្ធភាពក្នុងការអប់រំសិស្សគ្រប់កំរិត ពិសេសគឺថ្នាក់មត្តេយ្យ រហូតដល់ថ្នាក់វិទ្យាល័យ ធ្វើយ៉ាងណាឲ្យពួកគាត់យល់ដឹងពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឲ្យបានច្បាស់លាស់មុននឹងចាប់ផ្តើមប្រើប្រាស់យានយន្ត។ នេះបើយោងតាមក្រសួងមហាផ្ទៃ។

ការស្នើរបស់សម្តេចក្រឡាហោម បែបនេះក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ។

សម្តេចក្រឡាហោម ស ខេង មានប្រសាសន៍បន្តថា ក្រសួងអប់រំគួរធ្វើការរៀបចំអប់រំណែនាំ ព្រមទាំងបណ្តុះបណ្តាលដល់សិស្សានុសិស្សស្តីពីច្បាប់ចរាចរណ៍ផ្លូវគោកចាប់ពីថ្នាក់មត្តេយ្យសិក្សា ព្រោះមកដល់ពេលនេះនៅទូទាំងប្រទេសកម្ពុជាមានថ្នាក់មត្តេយ្យសិក្សាជាង៣ពាន់ថ្នាក់ ដោយសម្តេចមានប្រសាសន៍លើកឡើងថា យើងត្រូវគិតឲ្យបានវែងឆ្ងាយ អនាគតកូនចៅយើងនឹងក្លាយជាអ្នកប្រើប្រាស់យានយន្ត ដូច្នេះប្រសិនបើយើងបង្កើននិងពង្រីកការអប់រំចាប់ពីថ្នាក់មត្តេយ្យទៅ នោះនឹងអាចឲ្យសិស្សទាំងអស់ទទួលបាននូវចំណេះដឹងពីច្បាប់ចរាចរណ៍កាន់តែច្បាស់ ហើយមានការប្រុងប្រយ័ត្នកាន់តែខ្ពស់ផងដែរ។

សម្តេចក្រឡាហោម ស ខេង បានណែនាំបន្ថែមទៀតថា នៅពេលដែលបង្រៀនកុមារតូចៗ លោកគ្រូ អ្នកគ្រូអាចប្រើប្រាស់និមិត្តសញ្ញាងាយៗ ដើម្បីឲ្យពួកគាត់ឆាប់ចាប់បានងាយយល់ តាំងពីថ្នាក់តូចក្នុងកម្រិតណាមួយដែលក្មេងទទួលបាន ហើយត្រូវបន្តរហូតដល់គាត់រៀនចប់ថ្នាក់វិទ្យាល័យ។ ជាមួយគ្នានេះសម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថាការស្នើនេះ ព្រោះតែសន្ទុះនៃការរីកចំរើនរបស់ប្រទេសកម្ពុជានឹងមានផ្លូវខ្វាត់ខ្វែងកាន់តែច្រើនមិនថាតែនៅទីក្រុង ឬក៏ជនបទនោះទេ ដូច្នេះចាំបាច់បំផុតត្រូវតែយល់ដឹងអំពីច្បាប់ចរាចរណ៍ផ្លូវគោក។

សូមជម្រាបថា បើយោងតាមការបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០២០ និងទិសដៅការងារឆ្នាំ២០២១ បានឱ្យដឹងថា អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍រាជធានី ខេត្ត បានអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ដល់គ្រូបង្រៀន សិស្ស មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋសរុបបានចំនួន ១១.២៤៥លើក សរុបអ្នកចូលរួម ៤៤៧.០៥៦នាក់ ចែកឯកសារផ្សេងៗពាក់ព័ន្ធនឹងសុវត្ថិភាពចំនួនចរាចរណ៍ ១២.៦៤០សន្លឹក៕

LEAVE A REPLY

Please enter your comment!
Please enter your name here