ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន ២នាក់បន្ថែមទៀត ខណៈព្យាបាលជាសះស្បើយម្នាក់។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានឲ្យដឹងថា អ្នកជំងឺឆ្លងថ្មី ២នាក់ នេះរួមមាន៖
១.បុរសជនជាតិឥណ្ឌូនេស៊ី អាយុ៣១ឆ្នាំ ស្នាក់នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូនេស៊ី បន្តជើងហោះហើរនៅប្រទេសិង្ហបុរី មកដល់កម្ពុជា នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១។ លទ្ធផលធ្វើតេស្តវត្ថុសំណាកលើកទី២ របស់បុរសរូបនេះ ផ្តល់ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៃក្រសួងសុខាភិបាល គឺវិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅ មជ្ឈមណ្ឌលជាតិកម្ចាត់រោគរបេង និងហង់សិន រាជធានីភ្នំពេញ។
២.ស្ត្រីជនជាតិខ្មែរ អាយុ៥០ឆ្នាំ មានអាសយដ្ឋានស្នាក់នៅក្រុងតាខ្មៅ ខេត្តកណ្ដាល ជាអ្នកធ្វើដំណើរមកពីប្រទេសស្វីស បន្តជើងហោះហើរនៅប្រទេសសិង្ហបុរី មកដល់កម្ពុជានៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់ស្ត្រីរូបនេះ ផ្តល់ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៃក្រសួងសុខាភិបាល គឺវិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាល នៅមជ្ឈមណ្ឌលជាតិកម្ចាត់រោគរបេង និងហង់សិន រាជធានីភ្នំពេញ។
ចំណែកអ្នកជាសះស្បើយម្នាក់វិញ គឺជាបុរសជនជាតិខ្មែរអាយុ ៧០ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញជាអ្នក ដំណើរមកពីសហរដ្ឋអាមេរិក បន្តជើងហោះហើរនៅប្រទេសសិង្ហបុរី មកដល់កម្ពុជានៅថ្ងៃទី ២០ ខែមករា ឆ្នាំ២០២១។ បុរសរូបនេះត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២លើក ត្រូវ បានអនុញ្ញាតឱ្យចេញពីមជ្ឈមណ្ឌលជាតិ កម្ចាត់រោគរបេង និងហង់សិន រាជធានីភ្នំពេញ។
សូមរំលឹកថា គិតត្រឹមព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន៤៧២នាក់ ក្នុងនោះព្យាបាលជាសះស្បើយ ៤៥៣នាក់ និងកំពុងសម្រាកពញយាបាល ១៩នាក់៕