លោកជំទាវ ស៊ន សៀវម៉ី តំណាងឧត្ដមសេនីយ៍ឯក យឹម លាង នាំយកថវិកា ៥០០០ដុល្លារ ជូនដល់សមាគមនារីខណ្ឌឫស្សីកែវ

0
13

ភ្នំពេញ៖ លោកជំទាវ ស៊ន សៀវម៉ី ជំនួយការសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឧត្ដមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ បាននាំយកថវិកាចំនួន ៥០០០ដុល្លារ ជូនដល់សមាគមនារីខណ្ឌឫស្សីកែវ។

ក្នុងពិធីបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងលើកទិសដៅបន្ត ឆ្នាំ២០២១ របស់សមាគមនារីខណ្ឌឫស្សីកែវ កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅសាលាខណ្ឌឫស្សីកែវ លោកស្រី អាន ផល្លា ប្រធានសមាគមនារីដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌ បានបង្ហាញរបាយការណ៍ស្ដីពី សកម្មភាពរបស់អនុសាខាសមាគមនារីខណ្ឌប្រចាំឆ្នាំ២០២០ ដោយលទ្ធផលដែលសមាគមនារីសម្រេចបានកន្លងមក គឺអាស្រ័យដោយមានការណែនាំ និងចង្អុលបង្ហាញពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជាពិសេសការជួយឧបត្ថម្ភគាំទ្រ ទាំងសម្ភារ ថវិកា និងប្រាជ្ញាស្មារតី          ពីសំណាក់លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ ព្រមទាំងសប្បុរសជនផងដែរ។

លើសពីនេះ អនុសាខាសមាគមនារីបានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ចូលរួមយ៉ាងសកម្មអនុវត្តការងារសង្គម ការងារមនុស្សធម៌ និងការងារផ្សេងៗទៀតនៅមូលដ្ឋាន ដោយជួបជាមួយប្រជាពលរដ្ឋ ជាពិសេសស្ត្រី កុមារ ស្ត្រីសំរាលកូន គ្រួសារទទួលមរណភាព គ្រួសារក្រីក្រចាស់ជរា មានជំងឺជួបការលំបាកក្នុងជីវភាពរស់នៅ  ប្រចាំថ្ងៃ។

ជាមួយគ្នានោះ គណៈកម្មាធិការអនុសាខាសមាគមនារី និងក្រុមចលនាស្ត្រីគ្រប់ជាន់ថ្នាក់ បានយកចិត្តទុកដាក់ពង្រឹង និងពង្រីកសមាជិកទទួលខុសត្រូវលើភារកិច្ចរបស់ខ្លួន ក្នុងការចូលរួមការងារមានដូចជា៖

ទី១៖ ការងារពង្រឹងសមាគមនារី ដើម្បីបំពេញតួនាទីភារកិច្ចបានគ្រប់ជ្រុងជ្រោយ និងទាន់ពេលវេលា              នូវរចនាសម្ព័ន្ធថ្នាក់ខណ្ឌមាន១៧រូប, បណ្ដាញចលនានារីថ្នាក់សង្កាត់ មួយសង្កាត់ ៥រូប សរុប មាន ៣៥រូប, បណ្ដាញនារីតាមភូមិ មួយភូមិមាន ៣រូប សរុប៩០រូប ហើយមកទល់ពេលនេះ សមាគមនារីខណ្ឌ មានសមាជិកសរុប ២,៣៣០នាក់។

ទី២៖ ការងារអប់រំផ្សព្វផ្សាយ ដោយមានការឧបត្ថម្ភគាំទ្រទាំងស្មារតី និងសម្ភារ ពីលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា, សមាគមនារីខណ្ឌ បានចូលរួមយ៉ាងសកម្មក្នុងចលនាឃោសនាអប់រំកម្មវិធីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា រាជរដ្ឋាភិបាល ដល់បង-ប្អូននារីក្នុងមូលដ្ឋាន។

ទី៣៖ សកម្មភាពមនុស្សធម៌ ក្នុងរយៈពេល ១២ខែ គណៈកម្មាធិការ អនុសាខាសមាគមនារីខណ្ឌឫស្សីកែវ បានចុះសួរសុខទុក្ខ និងឧបត្ថម្ភដល់គ្រួសារក្រីក្រ ចាស់ជរា មានជំងឺ និងប្រជាពលរដ្ឋទាំង ៧សង្កាត់ ដែលជួបវិបត្តិកូវីដ១៩ សរុបចំនួន ១,៣០៤នាក់ សរុបជាថវិកា ១២,៥៦២,០០០រៀល (ដប់ពីរលានប្រាំរយហុកសិបពីរពាន់រៀល)និងបានជួយអន្តរាគមន៍ធ្វើបណ្ណអាទិភាពទទួលសេវាសុខភាពសាធារណៈ ជូនប្រជាពលរដ្ឋក្រីក្រចំនួន ១៣៨គ្រួសារ ដោយឥតគិតថ្លៃផងដែរ។

ទន្ទឹមនឹងការសម្រេចបានលទ្ធផលជាផ្លែផ្កា លោកស្រី បានបញ្ជាក់ថា សាខាសមាគមនារី ក៏មានបញ្ហាប្រឈមនិងមានការខ្វះខាតមួយចំនួនដូចជាការដឹងព័ត៌មានមិនទាន់ពេលវេលាគ្រប់ជ្រុងជ្រោយក្នុងការជួយសង្គ្រោះស្ត្រីក្រីក្រ, ស្ត្រីជិតសម្រាលកូន, ចាស់ជរានៅតាមភូមិ។ ម្យ៉ាងទៀត បណ្ដាញសាខាសមាគមនារីភាគច្រើន មានវ័យចំណាស់ សមត្ថភាពយល់ដឹងនៅមានកម្រិត ពិសេសេពាក់ព័ន្ធនឹងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា (ទូរស័ព្ទស្មាតហ្វូន និងកុំព្យូទ័រ) និងខ្វះខាតសម្ភារៈ ថវិកា របស់ក្រុមការងារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here