ភ្នំពេញ៖ ក្រសួងប្រកាសសុខាភិបាល បានប្រកាសឲ្យដឹងថា អ្នកមានអាយុចាប់ពី ១៨-៥៩ឆ្នាំ ទើបអាចចាក់វ៉ាក់សាំងការពារកូវីដ១៩ របស់ចិនបាន ប៉ុន្តែអ្នកមានអាយុក្រោម ១៨ឆ្នាំ និងអាយុលើសពី ៥៩ឆ្នាំឡើងទៅ មិនទាន់អាចចាក់វ៉ាក់សាំងនេះបានទេ ដោយសារលក្ខខណ្ឌអាយុ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល កាលពីថ្ងៃទី៥ កុម្ភៈ បានឲ្យដឹងថា រដ្ឋាភិបាលចិន នឹងផ្តល់ជាជំនួយវ៉ាក់សាំង ចំនួន ៣០០.០០០ដូស និងសេរ៉ាំងចំនួន ៣០០.៨០០ ដែលនឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១។ នៅក្នុងលិខិតនេះ ក៏មានការបញ្ជាក់ផងដែរថា អាយុដែលអាចចាក់បាន គឺមានពី ១៨ឆ្នាំ ទៅ ៥៩ឆ្នាំ ហើយអ្នកដែលមានអាយុលើសពី ៦០ឆ្នាំ ត្រូវរងចាំលទ្ធផលនៃការសិក្សាសិន។
ក្រសួងបញ្ជាក់ថា ដូច្នេះ ដោយមានការឯកភាពដ៏ខ្ពង់ខ្ពស់ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លើរបាយការណ៍ប្រជុំបន្ទាន់ របស់ក្រុមការងារអន្តរក្រសួង គ្រប់គ្រងការអនុវត្តយុទ្ធសាស្ត្រ និងកិច្ចប្រតិបត្តិការចាក់វ៉ាក់សាំងកូវីដ-១៩ ការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនសម្តេចតេជោ និងឥស្សរជនជាន់ខ្ពស់ អមដំណើរ ដែលមានអាយុចាប់ពី ៦០ឆ្នាំឡើង ដែលគ្រោងធ្វើនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខនេះ ត្រូវបានលុបចោល រីឯដំណើរការយុទ្ធនាការចាក់វ៉ាក់សាំងនេះ នឹងប្រព្រឹត្តទៅសម្រាប់តែអ្នកដែលមានអាយុចាប់ពី ១៨ឆ្នាំ ទៅ ៥៩ឆ្នាំវិញ ទៅតាមក្រុមអាទិភាពដែលមានចែង នៅក្នុងពិធីសារសម្រាប់យុទ្ធនាការ ចាក់វ៉ាក់សាំងកូវីដ-១៩ (ទៅតាមការកែសម្រួលខ្លឹមសារពិធីសារនេះ) ក្រោយពីបាន ចុះឈ្មោះចាក់វ៉ាក់សាំងដោយស្ម័គ្រចិត្ត តាមប្រព័ន្ធអនឡាញ ដែលនឹងត្រូវដាក់ឲ្យប្រើប្រាស់ នៅសប្តាហ៍ក្រោយនេះ ដោយការចាក់វ៉ាក់សាំងនេះ នឹងប្រព្រឹត្តទៅនៅតាមមន្ទីរពេទ្យរដ្ឋ (ថ្នាក់ជាតិ ខេត្ត និងស្រុក) ទៅតាមពេលវេលា នឹងជម្រាបជូនតាមក្រោយទៀត។
ក្រសួងបន្ថែមថា រីឯការទទួលវ៉ាក់សាំងកូវីដ-១៩ ដែលដឹកជញ្ជូនមកពី សាធារណរដ្ឋប្រជាមានិតចិន គឺនៅទទួលដដែល នា រសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ៕