ឆ្នាំ២០២០ ក្រសួងសាធារណការ ចាប់បានឡានដឹកលើសទម្ងន់ជិត ៦០ម៉ឺនគ្រឿង

0
9

ភ្នំពេញ៖ បើតាមរបាយការណ៍របស់ គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យ យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៃក្រសួងសាធារណការ បានឲ្យដឹងថា ឆ្នាំ២០២០ ក្រុមការងារបានត្រួតពិនិត្យរថយន្តសរុបចំនួន ២ ១០៩ ៣៣០គ្រឿង ក្នុងនោះមានរថយន្តដឹកលើសទម្ងន់កម្រិតកំណត់ចំនួន ៥៨៦ ១០៣ គ្រឿង ស្មើនឹង ២៧.៧៩% មានការថយចុះ ០.៩៧% ធៀបនឹងឆ្នាំ២០១៩។

នេះបើតាមរបាយការណ៍ ដែលបង្ហាញក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ដែលសម្រេចក្នុងឆ្នាំ២០២០ និងលើកទិសដៅឆ្នាំ២០២១ កាលពីថ្ងៃទី៥ កុម្ភៈ ដែលដឹកនាំលោក សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការ សម្របសម្រួលអចិន្ត្រៃយ៍នៃ គណៈកម្មាធិការដឹកនាំការត្រួតពិនិត្យ យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ។ ក្រៅពីនេះក៏មានការចូលរួមពីលោកនាយកខុទ្ទកាល័យ អនុរដ្ឋលេខាធិការទទួលបន្ទុក អនុប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ ប្រធាន អនុប្រធាន សមាជិក សមាជិកាលេខាធិការដ្ឋាន និងប្រធាន អនុប្រធានស្ថានីយជញ្ជីងទាំង ២៨ ផងដែរ។

បើយោងតាមរបាយការណ៍ នៃការអនុវត្តការងារក្នុងឆ្នាំ២០២០ មានរថយន្តត្រួតពិនិត្យសរុបចំនួន ២ ១០៩ ៣៣០គ្រឿង មានរថយន្តលើសទម្ងន់កម្រិតកំណត់ចំនួន ៥៨៦ ១០៣ គ្រឿង ស្មើនឹង ២៧.៧៩% ដែលក្នុងនោះ៖
– រថយន្តផ្ទុកលើសទម្ងន់ក្រោម ៥% ចំនួន ៥៨២ ៨១៤គ្រឿង
– រថយន្តផ្ទុកលើសទម្ងន់ពី ៥% – ១០% ចំនួន ៧៩គ្រឿង
– រថយន្តផ្ទុកលើសទម្ងន់ពី ១០% – ២០% ចំនួន ២ ១៦៦គ្រឿង
– រថយន្តផ្ទុកលើសទម្ងន់លើសពី ២០% ចំនួន ១ ០៤៤គ្រឿង។

របាយការណ៍បន្តថា ចំនួនរថយន្តដែលលើទម្ងន់កម្រិតកំណត់មានចំនួន ២៧.៧៨% នៃរថយន្តបានត្រួតពិនិត្យសរុប គឺមានការថយចុះចំនួន ០.៩៧% បើប្រៀបធៀបទៅនឹងឆ្នាំ២០១៩ ដែលចំនួន ២៨.៧៦%។
ក្នុងឆ្នាំ២០២០ លើការពង្រឹងវិធានការយ៉ាងតឹងរឹងបន្ថែម ចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញផ្លូវថ្នល់ ដូចជា ពង្រឹងការអនុវត្តដឹកជញ្ជូនឱ្យបានត្រឹមត្រូវ តាមបទប្បញ្ញត្តិដូចចែងក្នុងមាត្រា៦០ នៃច្បាប់ផ្លូវថ្នល់ និងក្នុងករណីយានយន្តដឹក លើសកម្រិតកំណត់ចាប់ពី ២០% ឡើងទៅ ស្ថានីយជញ្ជីងបានឃាត់ទុករថយន្តរយៈពេលមួយឆ្នាំ មានចំនួន ១៧គ្រឿង។

ក្នុងទិសដៅឆ្នាំ ២០២១៖ ជ្រកក្រោមប្រធានបទ លើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស វិទ្យាសាស្ត្រ បច្ចេកវិទ្យា ដើម្បីពង្រឹងគុណភាពប្រសិទ្ធភាព ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន មន្រ្តីនៃគណៈកម្មាធិការសម្របសម្រួល អចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យ យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ត្រូវខិតខំពង្រឹងសមត្ថភាព និងបណ្តុះបណ្តាលការងារ ដោយប្រើប្រាស់បច្ចេកវិទ្យា និងយន្តការថ្មីៗ ដើម្បីអនុវត្តការងារឱ្យមានប្រសិទ្ធភាព។ ជាងនេះទៅទៀតគ្រប់មន្ត្រីត្រូវបន្តសាមគ្គី និងសហការជាមួយអាជ្ញារធរដើម្បីទប់ស្កាត់ និងកាត់បន្ថយបញ្ហានេះ។

គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នឹងរៀបចំសិក្ខាសាលាថ្នាក់ជាតិជាមួយអ្នកពាក់ព័ន្ធ ជាពិសេសជាមួយម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ដើម្បីអោយយល់ដឹងពីការអនុវត្តច្បាប់ និងចូលរួមសហការជាមួយមន្រ្តី ដើម្បីអនុវត្តការងារអោយបានទូលំទូលាយ និងកាត់បន្ថយការដឹកជញ្ចូនលើសទម្ងន់កម្រិតកំណត់។

ទន្ទឹមនឹងនេះ ដោយសារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ក្នុងប្រទេសមានការអភិវឌ្ឍ និងរីកចម្រើនច្រើន និងតម្រូវការរបស់រដ្ឋបាលខេត្ត គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នឹងរៀបដាក់ឱ្យប្រើប្រាស់ស្ថានីយជញ្ជីងថ្មី ២បន្ថែមទៀត នៅផ្លូវក្រវ៉ាត់ក្រុងទី២ និងខេត្តក្រចេះ ព្រមទាំងគ្រោងសាងសងស្ថានីយជញ្ជីង ២បន្ថែមទៀត នៅតាមខេត្តដែលមានតម្រូវការចាំបាច់៕

LEAVE A REPLY

Please enter your comment!
Please enter your name here