ភ្នំពេញ៖ យោងតាមរដ្ឋបាលខេត្តសៀមរាបបានឲ្យដឹងថាការសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មីនៅខេត្តសៀមរាបគ្រោងនឹងបញ្ចប់ ដោយឆ្លងកាត់ការត្រួតពិនិត្យរបស់ក្រុមបច្ចេកទេសនិងអង្គភាពជំនាញ ឈានទៅបំពេញលក្ខខណ្ឌប្រតិបត្តិការរបស់អាកាសយានដ្ឋាន នាពាក់កណ្តាលខែមីនា ឆ្នាំ២០២៣ គឺមានរយៈពេលសរុប៣៦ខែ បើគិតចាប់ពីថ្ងៃបើកការដ្ឋាន ពាក់កណ្តាលខែមិនា ឆ្នាំ២០២០។
អ្នកជំនាញនៃក្រុមការងារចិនដែលកំពុងប្រតិបត្តិការនៅការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរបានឲ្យដឹងថាតាមផែនការសម្រាប់ឆ្នាំ២០២១នេះការសាងសង់គម្រោងទាំងមូលគ្រោងនឹងសម្រេចឲ្យបានប្រមាណជា៦៧%ដែលនៅក្នុងនោះការសាងសង់ស្ថានីយ៍អ្នកដំណើរគ្រោងនឹងសម្រេចឲ្យបាន៧៨% ការកសាងតំបន់ហោះហើរគ្រោងនឹងសម្រេចឲ្យបាន៤៥% និង សំណង់ហេដ្ឋារចនាសម្ព័ន្ធទូទៅរបស់អាកាសយាដ្ឋានគ្រោងនឹងសម្រេចឲ្យបាន៥០%។
ម្យ៉ាងទៀត តាមផែនការឆ្នាំ២០២១ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ គ្រោងនឹងពន្លឿនការសាសង់ឲ្យបាន៦៧% និងបញ្ចប់ការសាងសង់ ឈានទៅបំពេញលក្ខខណ្ឌប្រតិបត្តិការរបស់អាកាសយានដ្ឋាន នាពាក់កណ្តាលខែមីនា ឆ្នាំ២០២៣ខាងមុខ។
ការឲ្យដឹងយ៉ាងដូច្នេះអ្នកជំនាញចិនរូបនោះបានរំលឹកឲ្យដឹងដែរថាការដ្ឋានសាងសង់ស្ថានីយ៍អ្នកដំណើរដែលចាប់ផ្តើមដំណើរការនាពាក់កណ្តាលខែមីនា មកដល់ចុងឆ្នាំ២០២០ គឺសម្រេចបាន១៥% ជាមួយនេះសំណង់តំបន់ហោះហើរដែលចាប់ផ្តើមការដ្ឋាន នាពាក់កណ្តាលខែតុលា មកដល់ចុងឆ្នាំ២០២០ដូចគ្នា សម្រេចបានប្រមាណជា១០%។
ក្នុងនោះដែរក៏ធានាបានថាការហោះហើរនិងចុះចតមិនមានផលអវិជ្ជមាននៃប្រតិបត្តិការរបស់អាកាសយានដ្ឋាន ចំពោះប្រាសាទអង្គវត្ត និងសំណង់ស្ថាបត្យកម្មជុំវិញនោះឡើយ ម៉្យាងទៀត ការសាងសង់អាកាសយានដ្ឋាននេះ ក៏រក្សានូវបរិស្ថានធម្មជាតិទៀតផង។
អាកាសយានដ្ឋានថ្មីនេះ ស្ថិតក្នុងលំដាប់4E មានផ្លូវរត់ប្រវែង ៣ពាន់៦០០ម៉ែត្រ ទទឹង ៤៥ម៉ែត្រ មាន៣៨ចំណតយន្តហោះ និង មានក្រឡាផ្ទៃស្ថានីយ៍អ្នកដំណើរជាង៨ម៉ឺនម៉ែត្រក្រឡា ដែលអាចទទួល អ្នកដំណើរជាប្រចាំឆ្នាំប្រមាណជាង៧លាននាក់។ អាកាសយានដ្ឋានអន្តរជាតិខ្នាតដ៏ធំមួយនេះដែរ ត្រូវបានស្ថិតក្រោមកិច្ចព្រមព្រៀង BOT រយៈពេល៥៥ឆ្នាំ ដែលក្រោយពេលប្រតិបត្តិការត្រូវបានបញ្ចប់ គម្រោងនេះនឹងត្រូវប្រគល់ជូនរាជរដ្ឋាភិបាលកម្ពុជា៕