កម្ពុជាស្ថិតក្នុងចំណោមប្រទេសដំបូងគេ ទទួលបានវ៉ាក់សាំងកូវីដ១៩ពីចិន ខណៈប្រទេសមួយចំនួនមានលុយ តែមិនអាចទិញវ៉ាក់សាំងបាន

0
11

ភ្នំពេញ៖ លោក Wang Wentian ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា បានលើកឡើងថាវ៉ាក់សាំងកូវីដ-១៩ដែលមិត្តចិនប្រគល់ឲ្យកម្ពុជានាពេលនេះនឹងរួមចំណែកយ៉ាងសកម្ម ក្នុងការជួយប្រទេសកម្ពុជា ទប់ស្កាត់វិរុសកូវីដ-១៩ហើយកម្ពុជាស្ថិតនៅក្នុងចំណោមប្រទេសដំបូងគេដែលទទួលវ៉ាក់សាំងកូវីដ-១៩ ពីប្រទេសចិនខណៈប្រទេសមួយចំនួនមានលុយតែមិនអាចទិញវ៉ាក់សាំងបាន។

ក្នុងពិធីទទួលវ៉ាក់សាំងការពារកូវីដ-១៩ ដែលជាជំនួយរបស់មិត្តចិន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ      នាល្ងាចថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ លោក Wang Wentian បានថ្លែងថា «ខ្ញុំសូមបញ្ជាក់ថា កម្ពុជាស្ថិតនៅក្នុង ចំណោមប្រទេសដំបូងគេដែលទទួលវ៉ាក់សាំងកូវីដ-១៩ ពីប្រទេសចិន។ហើយខ្ញុំសូមថ្លែងអំណរគុណចំពោះប្រទេស ក ម្ពុជា ដែលបានរៀបចំពិធីយ៉ាងឱឡារិក»។

លោកបញ្ជាក់ថា «ខ្ញុំសង្ឃឹមថា វ៉ាក់សាំងទាំងនេះនឹងរួមចំណែកយ៉ាងសកម្មក្នុងការជួយប្រទេសកម្ពុជា ទប់ស្កាត់វិរុសកូវីដ-១៩។ជំងឺវិរុសកូវីដ-១៩ បន្ដរីករាលយ៉ាងខ្លាំងក្លានៅទូទាំងពិភពលោក ការសាមគ្គីភាព ក្នុងការទប់ស្កាត់ឆ្លងជំងឺវិរុសនូវតែជាភារកិច្ចចំបងសម្រាប់សហគមន៍អន្ដរជាតិ»។

ជាងនេះទៅទៀត ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា ក៏បានរៀបរាប់ថា អំណាយវ៉ាក់សាំងកូវីដ-១៩ ដែលជាជំនួយរបស់ភាគីចិនដំបូងគេចំនួន៦០ម៉ឺនដូស និងបានបញ្ជូនមកប្រទេសកម្ពុជា នាពេលនេះ ក្នុងនោះ រាប់ទាំងបញ្ចូលវ៉ាក់សាំងមួយចំនួន របស់កងទ័ពរំដោះប្រជាជនចិនជូនចំពោះ កងយោធពលខេមរភូមិន្ទទាំងនេះបង្ហាញឲ្យឃើញថាមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅរបស់កងទ័ពយើងទាំងពីរ»។

ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា បើកម្ពុជាគ្មានកិច្ចសហការប្រតិបត្តិការល្អជាមួយមិត្តចិនគឺកម្ពុជាពុំបានទទួលនូវវ៉ាក់សាំង ការពារជំងឺកូវីដ១៩សម្រាប់ចាក់ជូនប្រជាជនកម្ពុជាឡើយ ខណៈបណ្ដាប្រទេសមួយចំនួនទៀត មានថវិកាហើយប៉ុន្តែទិញវ៉ាក់សាំងអត់បានទៀតដោយសារ    វ៉ាក់សាំងមានតម្រូវការខ្ពស់ប៉ុន្ដែមិត្តចិនមានការចែករំលែកមកដល់ប្រទេសកម្ពុជា ក្នុងជំហានដំបូង តាមរយៈសំណើររបស់ សម្ដេច ទៀ បាញ់ ឧបនាយរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ។

សម្ដេចតេជោមានប្រសាសន៍ថា«ចំណុចនេះត្រូវធ្វើការកត់ស្គាល់ឲ្យបានបើយើងគ្មានកិច្ចសហការប្រតិបត្តិការល្អរវាង កម្ពុជា-ចិន គឺយើងពុំបានទទួលនូវវ៉ាក់សាំង នៅថ្ងៃនេះ (ថ្ងៃទី៧ កុម្ភៈ) សម្រាប់ប្រជាជនកម្ពុជាយើងទេ។ កុំភ្លេចថា ប្រជាជនចិន មាន១៤០០លាននាក់ ហើយរដ្ឋាភិបាលចិនត្រូវមានការទទួលខុសត្រូវ ផលិតដើម្បីចាក់ប្រជាជនខ្លួន»។

សម្ដេចតេជោ ក៏បានបញ្ជាក់ថា វ៉ាក់សាំងរបស់ចិនត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ ដែលមកដល់នេះ វ៉ាក់សាំង ស៊ីណូហ្វាម បានប្រើប្រាស់ជាង១៦ប្រទេសផងដែរ។
សូមរំលឹកថា វ៉ាក់សាំងដែលបញ្ជូនមកដល់កម្ពុជា នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ មានចំនួន៦០ម៉ឺនដូសក្នុងជំហានដំបូង ដោយក្នុងនោះ ចំនួន៣០ម៉ឺនដូសសម្រាប់ក្រសួងសុខាភិបាល និង៣០ម៉ឺនដូសទៀត សម្រាប់ផ្នែកយោធា៕

LEAVE A REPLY

Please enter your comment!
Please enter your name here