ភ្នំពេញ៖ ដើម្បីបង្កើនជំនឿចិត្តដល់ប្រជាពលរដ្ឋ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាឲ្យកូនប្រុសទាំង៣នាក់របស់សម្ដេច រដ្ឋមន្រ្តីវ័យក្មេង មេទ័ពកូនថ្នាក់ដឹកនាំជាន់ខ្ពស់ និងអ្នកសារព័ត៌មានដែលមានអាយុក្រោម៥៩ត្រូវចាក់វ៉ាក់សាំងកូវីដ១៩មុនគេ។
នេះបើតាមការឲ្យដឹងពីសម្ដេចតេជោ ហ៊ុន សែន ក្នុងសន្និសីទសារព័ត៌មានពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅល្ងាចថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ។
សម្ដេចតេជោ មានប្រសាសន៍ថា «ខ្ញុំយល់ស្របជានឹងការរៀបចំឲ្យមានការចាក់ (ចាក់វ៉ាក់សាំងកូវីដ-១៩) ដោយប្រមូលកូនអ្នកធំ ខ្ញុំមានកូនប្រុស ៣ កូនប្រសារ២ បើគេគ្រប់លក្ខខណ្ឌឲ្យគេចាក់។ រដ្ឋមន្ដ្រីរបស់យើងមានវ័យក្មេង មួយចំនួន»។
បើតាមក្រសួងសុខាភិបាលកម្ពុជាអាយុដែលអាចចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩របស់ចិនបានគឺមានពី ១៨ឆ្នាំ ទៅ ៥៩ឆ្នាំ ហើយអ្នកដែលមានអាយុលើសពី ៦០ឆ្នាំ ត្រូវរង់ចាំលទ្ធផលនៃការសិក្សាសិន។ សូមជម្រាបថា វ៉ាក់សាំងដែលនឹងបញ្ជូនមកដល់កម្ពុជានៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ មានចំនួន៦០ម៉ឺនដូសក្នុងជំហានដំបូង ដោយក្នុងនោះចំនួន៣០ម៉ឺនដូសសម្រាប់ក្រសួងសុខាភិបាល និង៣០ម៉ឺនដូសទៀត សម្រាប់ផ្នែកយោធា៕