វត្ថុបុរាណ៤ប្រភេទធ្វើពីថ្មភក់ ត្រូវបានប្រគល់ជូនអាជ្ញាធរជាតិអប្សរាដើម្បីរក្សាទុក

0
11

ភ្នំពេញ៖ វត្ថុបុរាណធ្វើពីថ្មភក់ចំនួន៤ប្រភេទ ដែលប្រជាពលរដ្ឋរក្សាទុកនៅភូមិល្វា ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប រួមមាន ថ្មគោលធ្វើពីថ្មភក់ចំនួន១ ព្រះហស្ថឆ្វេងទេពស្រី (ប្រាជ្ញាបារមិតា?) ធ្វើពីថ្មភក់ចំនួន១ និងជើងទម្រចំនួន២ ដែលជើងទម្រមួយមានចារជាអក្សរខ្មែរបុរាណចំនួន៤ជួរនៅផ្ទៃចំហៀង ត្រូវបានប្រគល់
អាជ្ញាធរជាតិអប្សរាដើម្បីរក្សាទុក។

យោងតាមអាជ្ញាធរជាតិ អប្សរាបានឲ្យដឹងថា វត្ថុទាំងនោះត្រូវបានយកចេញពីទីតាំងដើមដោយប្រជាពលរដ្ឋក្នុងគោលបំណងរក្សាទុកបណ្តោះអាសន្ន ប៉ុន្តែក្រុមការងារកំណត់បុរាណ ដ្ឋាននៃអាជ្ញាធរជាតិអប្សរាក្នុងគោលដៅស្រុកវ៉ារិន បានស្នើសុំឱ្យយកមករក្សាទុកនៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា ដើម្បីសុវត្ថិភាពដល់វត្ថុទាំងនោះផង ដើម្បីទុកសិក្សាស្រាវជ្រាវ និងចុះបញ្ជីកំណត់អត្តសញ្ញាណវត្ថុទាំងអស់នោះផង។

លោក ឈូក សុម៉ាឡា មន្ត្រីទទួលបន្ទុកការងារចុះបញ្ជីវត្ថុសិល្បៈនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ បានឱ្យដឹងថា​ នេះមិនមែនជាលើកទីមួយទេ ដែលក្រុមការងារបានចុះទៅទទួលយករូបចម្លាក់ផ្សេងៗដែលប្រជាពលរដ្ឋរស់នៅតាមតំបន់ឆ្ងាយៗ ក្នុងតំបន់រដ្ឋបាលខេត្តសៀមរាបទាំងមូល។ ដូចករណីនេះចម្លាក់ ព្រះហស្ថឆ្វេងប្រាជ្ញាបារមិតា គឺត្រូវបានយកមកពីប្រាសាទទាវប៉ាត់ ភូមិរលំរុនថ្មី ឃុំស្រែណូយ រីឯជើងទម្រចំនួន២ដែលមួយមានសិលាចារិក ត្រូវបានគេយកចេញពីប្រាសាទត្រពាំងឈូក ភូមិល្វា ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។

លោក សុម៉ាឡា បានបន្តថា ការដឹកយកវវត្ថុបុរាណដ៏មានតម្លៃទាំងនេះទៅរក្សាទុកឱ្យទាន់ពេលវេលា គឺជាការប្រសើរខ្លាំងណាស់ ដ្បិតវត្ថុមួយចំនួនអាចនឹងត្រូវបែកបាក់ ខូចខាតដោយប្រការណាមួយជាយថាហេតុ។ តួយ៉ាងដូចជាជើងទម្រដែលយើងបានដឹកមករក្សាទុកនេះ គឺមានសិលាចារិកយ៉ាងសំខាន់ ដែលមានផ្នែកខ្លះត្រូវបានគេយក កាំបិតទៅសំលៀង និងមានផ្នែកខ្លះទៀតមានស្នាមដំបំបែកខូចខាតជាដំណំ។

តាំងនាមឱ្យអាជ្ញាធរជាតិអប្សរា លោក សុម៉ាឡា ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនប្រជាពលរដ្ឋដែលបានជួយចូលរួមថែរក្សាប្រាសាទបុរាណ និងវត្ថុបុរាណទាំងឡាយនេះ ជាពិសេសអាជ្ញាធរមូលដ្ឋាន ភូមិឃុំ និងស្រុក ដែលបានសហការណ៍យ៉ាងកក់ក្តៅដើម្បីដឹករតនវត្ថុទាំងនេះយកមករក្សាទុក ឱ្យមានសុវត្ថិភាពសម្រាប់ជាកេរមរតកដូនតាយើងទាំងអស់គ្នា៕

LEAVE A REPLY

Please enter your comment!
Please enter your name here