ក្រុមអ្នកវាយប្រហារបានធ្វើការផ្លាស់ប្ដូរ សារធាតុគីមីនៅក្នុងអាងចម្រោះទឹកស្អាត នៅក្នុងទីក្រុងមួយរបស់សហរដ្ឋអាមេរិក

0
7

ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានឲ្យដឹងថា អាជ្ញាធរនៅទីក្រុង Oldsmar នៃរដ្ឋ Florida សហរដ្ឋអាមេរិក កាលពីម្សិលមិញនេះបានធ្វើសេចក្ដីរាយការណ៍ ទាក់ទងទៅនឹង ជនអនាមិកដែលបានធ្វើការវាយប្រហារទៅលើ ប្រព័ន្ធកុំព្យូទ័ររបស់ទីតាំងអាងចម្រោះទឹកស្អាតមួយកន្លែង។

ការវាយប្រហារបានកើតឡើងចំនួនពីរលើកនៅថ្ងៃទី ៥ខែកុម្ភៈកន្លងទៅនេះ។ លើកទីមួយក្រុមជនអនាមិក បានចូលទៅក្នុងប្រព័ន្ធកុំព្យូទ័រនៅម៉ោង ៨ព្រឹក ប៉ុន្តែពួកគេបាននៅក្នុងប្រព័ន្ធកុំព្យូទ័រតែរយៈពេល ១ទៅ២វិនាទីតែប៉ុណ្ណោះ។

ការជ្រៀតចូលលើកទីពីរបានកើតឡើងនៅម៉ោង ១ និង៣០នាទីរសៀល ហើយពួកគេបានចំណាយពេល៥នាទី និងបានធ្វើការផ្លាស់ប្ដូរការកំណត់មួយចំនួននៅក្នុងប្រព័ន្ធកុំព្យូទ័រ ដោយបន្ថែមនូវសារធាតុគីមី Sodium hydroxide ចំនួន ១១១ដងច្រើនជាងការកំណត់ ដែលនេះអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់អ្នកប្រើប្រាស់។

ទោះបីជាយ៉ាងណាក្ដី អាជ្ញាធរក៏បានប្រាប់ឱ្យដឹងផងដែរថា ពួកគេបានចាត់វិធានការទាន់ពេលវេលា ដោយធ្វើការផ្លាស់ប្ដូរចំនួនសារធាតុគីមីឱ្យមានការកំណត់ដូចដើម ហើយក៏ពុំមានទឹកដែលមានសារធាតុគីមីលើសកំណត់ត្រូវបានផ្ដល់ទៅឱ្យអ្នកប្រើប្រាស់នោះទេ។

គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០១៥ ក៏មានការវាយប្រហារទៅលើទីតាំងអាងចម្រោះទឹកមួយទៀតនៅសហរដ្ឋអាមេរិកផងដែរ ប៉ុន្តែពេលនោះជនអនាមិកពុំមានចំណេះដឹង ក្នុងការផ្លាស់ប្ដូរសារធាតុគីមីដូចពេលនេះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here