ភ្នំពេញ៖ លោក សាយ សំអាល់ ប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងជារដ្ឋមន្ត្រីក្រសួងបរិស្ថាន បានឲ្យដឹងថា ដើម្បីឱ្យការអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិ ទទួលបានជោគជ័យ ត្រូវមានការចូលរួមយ៉ាងសំខាន់ពីប្រជាពលរដ្ឋសហគមន៍មូលដ្ឋាន។
ក្នុងពិធីប្រកាសផ្សព្វផ្សាយ «របាយការណ៍បច្ចុប្បន្នភាពរួមចំណែករបស់ជាតិ ដើម្បីអនុវត្តអនុសញ្ញាក្របខ័ណ្ឌប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ» នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ លោក សាយ សំអាល់ បានគូសបញ្ជាក់ថា ប្រទេសកម្ពុជាបានដើរតួជាប្រទេសមួយដែលមានជំហរគាំទ្រដ៏រឹងមាំចំពោះសកម្មភាពពហុភាគី ក្នុងការឆ្លើយតបទៅនឹង ការប្រែប្រួលអាកាសធាតុ។
លោកបន្តថា ក្នុងនាមជាប្រទេសមួយដែលងាយរងគ្រោះពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ រាជារដ្ឋាភិបាលបានយល់ពីភាពបន្ទាន់ដែលតម្រូវឱ្យចាត់វិធានការ ដើម្បីដោះស្រាយបញ្ហា ការប្រែប្រួលអាកាសធាតុប្រកបដោយមហិច្ឆតា ស្របទៅតាម «ការទទួលខុសត្រូវរួម តែកម្រិតផ្សេងគ្នាទៅតាមសមត្ថភាពរៀងៗខ្លួន» ក្រោមអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពី ការប្រែប្រួលអាកាសធាតុ។
លោកបន្ថែមទៀតថា របាយការណ៍ Updated NDC របស់ប្រទេសកម្ពុជា បានបង្ហាញពីការប្តេជ្ញាចិត្ត និងតម្រូវការសម្រាប់ទសវត្សរ៍បន្ទាប់ ដើម្បីធ្វើឱ្យសម្រេចបាននូវចក្ខុវិស័យនៃសង្គមមួយដែលមានការបញ្ចេញកាបូនតិច មានភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍប្រកបដោយចីរភាព។
ជាមួយគ្នានេះដែរ លោក សាយ សំអាល់ បានគូសបញ្ជាក់បន្ថែមថា “ក្រសួងបរិស្ថានបាននិងកំពុងធ្វើការងារលើវិស័យបរិស្ថាន ស្របតាមសសរស្តម្ភទាំង ០៤ រួមមាន កិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការរស់នៅប្រកបដោយចីរភាព និងការធ្វើទំនើបកម្មស្ថាប័ន។ ក្រសួងបរិស្ថានមានជំហរ និងជំនឿជាក់យ៉ាងមុតមាំថា ដើម្បីឱ្យការអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិ ទទួលបានជោគជ័យ ត្រូវមានការចូលរួមយ៉ាងសំខាន់ពីប្រជាពលរដ្ឋសហគមន៍មូលដ្ឋាន ហើយដើម្បីឱ្យមានការចូលរួមទៅបានលុះត្រាតែ ប្រជាពលរដ្ឋទទួលបាននូវជម្រើសថ្មីក្នុងការរស់នៅ ជៀសវាងការពឹងអាស្រ័យលើធនធានធានធម្មជាតិទាំងស្រុង ហើយដែលទាមទារកិច្ចសហការល្អពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីផ្តល់ជូននូវតម្រូវការចាំបាច់នានា រួមមាន ហេដ្ឋារចនាសម្ព័ន្ធ ថាមពល ទឹកស្អាត និងសេវាសុខភាពជាដើម”៕