កម្ពុជា ជាប្រទេសទទួលជោគជ័យ លើការងារគ្រប់គ្រងទេសន្ដរប្រវេសន៍ លើពលរដ្ឋដែលចេញធ្វើការក្រៅប្រទេស

0
6

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ប្រទេសកម្ពុជា គឺជាប្រទេសដែលទទួលបានជោគជ័យ ក្នុងការងារគ្រប់គ្រងទេសន្តរប្រវេសន៍ លើប្រជាពលរដ្ឋរបស់ខ្លួន ដែលធ្វើចំណាក់ស្រុកទៅធ្វើការនៅក្រៅប្រទេសដោយខុសច្បាប់ តាមរយៈការវាយតម្លៃរបស់អង្គការសហប្រជាជាតិ (UN) កាលពីពេលថ្មីៗកន្លងទៅនេះ។ នេះបើតាមហ្វេសប៊ុក ក្រសួងមហាផ្ទៃ។

ក្នុងពិធីប្រកាសចូលកាន់មុខតំណែង ជាប្រធានលេខាធិការដ្ឋាន អនុប្រធាន សមាជិក និងក្រុមជំនួយការ នៃលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្ដរាយក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្ដីក្រសួងមហាផ្ទៃ សម្ដេច ស ខេង បានណែនាំទៅដល់សមត្ថកិច្ចទូទាំងប្រទេស ត្រូវបន្ដរួបរួមគ្នាទប់ស្កាត់អំពើជួញដូរមនុស្សនៅទូទាំងប្រទេសកម្ពុជាដើម្បីកិច្ចការនេះឲ្យបានកាន់តែល្អប្រសើរបន្ថែមទៀត។

សម្ដេច ស ខេង បញ្ជាក់ថា «នាពេលថ្មីៗតាមព័ត៌មានថា អង្គការសហប្រជាជាតិ បានចាត់ទុកកម្ពុជាទទួលបានជោគជ័យ ក្នុងការងារទេសន្តរប្រវេសន៍។ នេះជាជោគជ័យមួយ ការគ្រប់គ្រងទេសន្ដរប្រវេសន៍ប្រជាពលរដ្ឋយើងចេញទៅរកការងារនៅក្រៅប្រទេស»។

សម្ដេចក្រឡាហោម បន្ដថា តាមរយៈការងារនេះមានន័យថា កម្ពុជាបានការពារប្រជាពលរដ្ឋ បានរួចផុតពីការជួញដូរមនុស្ស។ ប៉ុន្ដែដោយឡែកតាមការវាយតម្លៃរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិកវិញអោយដឹងថា ការជួញដូរមនុស្សនៅកម្ពុជា នៅតែជាប់ចំណាក់ថ្នាក់លេខ២ ដែលស្ថិតក្រោមការឃ្លាំមើលរបស់គេ។

សម្ដេច ក៏បានសន្និដ្ឋានថា កម្ពុជានៅតែជាប់ចំណាក់ថ្នាក់លេខ២នេះ គឺមានមូលហេតុមួយចំនួន ដែលកម្ពុជាមិនទាន់បានអនុវត្តតាមសំណើរ និងសំណូមពររបស់ភាគីដៃគូរ ហើយបញ្ហាអំពើជួញដូរមនុស្ស ក៏នាំឲ្យគេបានចាត់ទុកកម្ពុជា ជាប់ចំណាក់ថ្នាក់លេខ២ ផងដែរ។

ជាងនេះទៅទៀត សម្ដេច ស ខេង ក៏បានលើកឡើងថា ទោះបីកម្ពុជាជាប់ចំណាក់ថ្នាក់លេខ២ ក៏ដោយ សមត្ថកិច្ច និងភាគីពាក់ព័ន្ធមួយចំនួនទៀត ត្រូវបន្ដអនុវត្តការងារអំពើជួញដូរមនុស្សតាមគោលការណ៍ច្បាប់របស់ប្រទេសកម្ពុជា ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ជាបន្តទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here