រដ្ឋមន្ត្រីមហាផ្ទៃ៖ គ្រឿងញៀនជាង ៥០០គីឡូក្រាម ដែលរឹបអូសនៅព្រះសីហនុ គឺឈ្មួញយកទៅបែងចែកនៅវៀតណាម និងថៃ តាមផ្លូវសមុទ្រ

0
7

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រាប់ឲ្យសមត្ថកិច្ចជំនាញទាំងអស់ ត្រូវសិក្សាពីប្រភពអោយច្បាស់ លើករណីការចរាចរណ៍គ្រឿងញៀន មកកាន់កម្ពុជា ដែលសមត្ថកិច្ចទើបបង្រ្កាបបានកន្លងទៅថ្មីៗនេះ ។ នេះបើតាមហ្វេសប៊ុក ក្រសួងមហាផ្ទៃ ។

ក្នុងពិធីប្រកាសចូលកាន់មុខតំណែង ជាប្រធានលេខាធិការដ្ឋាន អនុប្រធាន សមាជិក និងក្រុមជំនួយការ នៃលេខាធិការដ្ឋានគ្រប់គ្រង គ្រោះមហន្ដរាយក្រសួងមហាផ្ទៃ នាថ្ងៃទី៩ កុម្ភៈនេះ សម្ដេច ស ខេង បញ្ជាក់ថា «ឥឡូវនេះយើងឃើញថា គ្រឿងញៀន ហាក់បីដូចជា មានចរាចរណ៍កាន់តែច្រើន យើងចាប់បានកាន់តែច្រើន ហើយឥឡូវនេះ យើងបន្ដសិក្សាបន្ដទៀត តើមូលហេតុអ្វីខ្លះ?។ ប៉ុន្មានថ្ងៃមុននេះចាប់បានគ្រឿងញៀនជាង៥០០គីឡូក្រោម យកទៅលាក់ទុកនៅលើកោះ ក្នុងខេត្តព្រះសីហនុ ឥឡូវសមត្ថកិច្ច បានប្រមូលទុកអស់ហើយ»។

សម្ដេចបន្ថែមថា គ្រឿងញៀនជាង ៥០០គីឡូក្រោម ដែលរឹបអូសយកមកបាននៅខេត្តព្រះសីហនុ មិនមែនប្រើប្រាស់នៅកម្ពុជាទាំងអស់នោះទេ តែក្រុមទាំងនោះបានយកទៅបន្ដ បែងចែកតាមបណ្ដាប្រទេសផ្សេងៗទៀត ដូចជា វៀតណាម ថៃ ជាដើម ដែលធ្វើឡើងតាមផ្លូវសមុទ្រ ។

ជាមួយគ្នានោះដែរ សម្ដេច ស ខេង ក៏បានណែនាំទៅដល់សមត្ថកិច្ចទាំងអស់ ត្រូវបន្ដពង្រឹងការប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅប្រទេសកម្ពុជាឲ្យកាន់តែមាន ប្រសិទ្ធភាពខ្ពស់បន្ថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here