រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មី២នាក់ទៀត ខណៈមិនមានអ្នកជាសះស្បើយ

0
5

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសពីការរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ២នាក់បន្ថែមទៀត និងពុំមានអ្នកជំងឺជាសះស្បើយនោះទេ នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល នៅថ្ងៃទី១០ កុម្ភៈនេះ បានឲ្យដឹងថា អ្នកឆ្លងកូវីដ១៩ថ្មីទាំង ២នាក់រួមមាន៖

១.ស្ត្រីជនជាតិខ្មែរ អាយុ៤០ឆ្នាំ ស្នាក់នៅភូមិព្រៃតាប ឃុំរោងគោ ស្រុកក្រឡាញ់ ខេត្តសៀមរាប បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ លទ្ធផលធ្វើតេស្តវត្ថុសំណាកលើកទី២ របស់ស្ត្រីរូបនេះ វិជ្ជមានវីរុសកូវីដ១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យ។

២.បុរសជនជាតិនីហ្សេរីយ៉ា អាយុ២៦ឆ្នាំ ស្នាក់នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ ជាអ្នកធ្វើដំណើរមកពីប្រទេសនីហ្សេរីយ៉ា បន្តជើងហោះហើរនៅប្រទេសកូរ៉េខាត្បូង មកដល់កម្ពុជា នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១។ បច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

សូមរំលឹកថា គិតត្រឹមព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៤៧៨នាក់ ក្នុងនោះអ្នកជាសះស្បើយមានចំនួន ៤៥៧នាក់ និងកំពុងសម្រាកព្យាបាល ២១នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here